រដ្ឋាភិបាលជប៉ុន បានរំលឹកឡើងវិញយ៉ាងប្រុងប្រយ័ត្ននូវក្ដីបារម្ភចំពោះហានិភ័យនៃគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក លើកំណើនសេដ្ឋកិច្ច ដែលជំរុញឱ្យមានការធ្លាក់ចុះនៃចក្ខុវិស័យរបស់ខ្លួនលើប្រាក់ចំណេញសាជីវកម្ម នៅក្នុងរបាយការណ៍ប្រចាំខែសីហា ដែលបានចេញផ្សាយកាលពីថ្ងៃពុធ (២៧ សីហា)។

សេដ្ឋកិច្ចរបស់ជប៉ុន បានបន្តកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសពីខែមេសា ដល់ខែមិថុនា ប៉ុន្តែអ្នកវិភាគបានព្រមានពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក អាចដាក់បន្ទុកលើជប៉ុនដែលជាសេដ្ឋកិច្ចធំបំផុតទីបួនរបស់ពិភពលោក ក្នុងប៉ុន្មានខែខាងមុខនេះ។
ក្នុងរបាយការណ៍សេដ្ឋកិច្ចប្រចាំខែរបស់ការិយាល័យគណៈរដ្ឋមន្រ្តីសម្រាប់ខែសីហា រដ្ឋាភិបាលជប៉ុន បានរក្សាការវាយតម្លៃជារួមថា សេដ្ឋកិច្ចកំពុងងើបឡើងវិញ "ក្នុងល្បឿនមធ្យម" បើទោះបីជាផលប៉ះពាល់ពីពន្ធគយរបស់ដ្ឋអាមេរិក ត្រូវមើលឃើញក្នុងវិស័យមួយចំនួនក៏ដោយ។ នៅលើប្រាក់ចំណេញសាជីវកម្ម រដ្ឋាភិបាលនិយាយថា ការកែលម្អក្នុងវិស័យនេះ “ហាក់ត្រូវបានផ្អាក” ដោយសារតែគោលនយោបាយពាណិជ្ជកម្មអាមេរិក ដែលជាការទម្លាក់ការវាយតម្លៃជាលើកដំបូងក្នុងពេល ៨ខែ។
គួរឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូ បានព្រមព្រៀងគ្នាកាលពីខែកក្កដា ក្នុងការបន្ទាបពន្ធមកត្រឹម ១៥% លើការនាំចូលពីជប៉ុន ជាថ្នូរនឹងកញ្ចប់ថវិកាចំនួន ៥៥០ពាន់លានដុល្លារ នៃការវិនិយោគទាក់ទងនឹងអាមេរិក តាមរយៈប្រាក់កម្ចី និងការធានាដែលគាំទ្រដោយរដ្ឋាភិបាល ប៉ុន្តែសេចក្ដីលម្អិតនៃខ្លឹមសារកិច្ចព្រមព្រៀងបែបនេះនៅតែមិនទាន់ច្បាស់លាស់នៅឡើយ៕

