កងទ័ព IDFរបស់អ៊ីស្រាអែល បានបន្តប្រតិបត្តិការនៅជាយក្រុងហ្កាហ្សា កាលពីថ្ងៃពុធសប្ដាហ៍នេះ ខណៈអ្នកនាំពាក្យយោធាបានជំរុញឱ្យជនស៊ីវិលក្នុងតំបន់នេះជម្លៀសចេញ មុនពេលការវាយលុកដែលបានគ្រោងទុកកាន់តែជ្រៅថែមទៀតទៅក្នុងទីក្រុងនេះ ដោយច្រានចោលការយល់ឃើញដែលថាពុំមានជម្រកគ្រប់គ្រាន់នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីបសម្រាប់អ្នកផ្លាស់ទីលំនៅ។

ការអត្ថាធិប្បាយនេះបានកើតឡើងខណៈលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ហាក់ត្រៀមខ្លួនឆ្ពោះទៅមុខជាមួយការសម្រេចចិត្តដែលបានអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីដើមខែនេះដើម្បីវាយដណ្តើមយកទីក្រុង ហ្កាហ្សា ខណៈក្រុមមន្ត្រីអ៊ីស្រាអែលបន្តច្រានចោលសំណើសម្រាប់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងដោយផ្នែកដោយនិយាយថា ទីក្រុង Jerusalem នឹងយល់ព្រមលើកិច្ចព្រមព្រៀងពេញលេញមួយដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់ និងរំលាយអាវុធរបស់ក្រុមហាម៉ាស តែប៉ុណ្ណោះ។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិក លោក Yechiel Leiter បាននិយាយនៅក្នុងបទសម្ភាសតាមទូរទស្សន៍កាលពីថ្ងៃពុធថា អ៊ីស្រាអែលនៅតែពិនិត្យមើលលទ្ធភាពសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាស ប៉ុន្តែនឹងមិនបញ្ចប់សង្គ្រាមនៅហ្កាហ្សាទេ រហូតដល់ក្រុមហាម៉ាសចុះចាញ់ ឬត្រូវបានបំផ្លាញចោលទាំងស្រុង។
កងកម្លាំងការពារអ៊ីស្រាអែល IDF បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលនឹងបន្ថែមមជ្ឈមណ្ឌលចែកចាយជំនួយមនុស្សធម៌ចំនួនពីរនៅតំបន់ហ្កាហ្សាស្ទ្រីបភាគខាងត្បូង ដើម្បីទទួលបានលំហូរថ្មីនៃជនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅ៕

