យោធាអ៊ុយក្រែន បានប្រកាសថាខ្លួនដណ្តើមបានមកវិញទីតាំងលំនៅចំនួនបីកន្លែងនៅតំបន់ភាគខាងកើតតំបន់Donetsk។ ការវិវឌ្ឍន៍នេះកើតឡើងខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ឈរយ៉ាងរឹងមាំប្រឆាំងនឹងការប្រគល់ទឹកដី។

មេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ុយក្រែន លោក Oleksandr Syrskyi បានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា លោកបានទៅពិនិត្យមើលប៉ុស្តិ៍ទីបញ្ជាការនៅជិតស្រុកPokrovsk ជាទីតាំងសំខាន់ក្នុងតំបន់ Donetsk។ លោកបានសរសេរថា «ស្ថានភាពពិតជាលំបាកខ្លាំង» ប៉ុន្តែ«ត្រូវតែរក្សាទីតាំងដែលមានស្រាប់»។ តាមសេចក្តីរាយការណ៍ រុស្ស៊ីបានទាមទារឲ្យអ៊ុយក្រែនប្រគល់តំបន់ Donetsk និងតំបន់ Luhansk ខណៈកងកម្លាំងរបស់ខ្លួនត្រូវបានគេជឿថាបានគ្រប់គ្រងច្រើនជាង៧០ភាគរយនៃតំបន់ Donetsk។

ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាសង្គ្រាមក្នុងទីក្រុងវ៉ាស៊ីនតោនបានរាយការណ៍ថា ទាហានអ៊ុយក្រែនកំពុងប្រយុទ្ធដើម្បីការពារការវាយលុកបន្ថែមទៀត។ ក្រុមនេះនិយាយថា កងកម្លាំងអ៊ុយក្រែនផ្តោតសំខាន់លើទីក្រុង Dobropillya ជាកន្លែងដែលអង្គភាពថ្មើរជើងរបស់រុស្ស៊ីត្រូវបានគេរាយការណ៍ថាកំពុងបន្តរុលចូល។