មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ សីហា) ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តលទ្ធភាពនៃការលក់មីស៊ីលតម្រង់គោលដៅបាញ់តាមអាកាស និងគ្រឿងយុទ្ធោបករណ៍ពាក់ព័ន្ធទៅឱ្យអ៊ុយក្រែន ក្នុងតម្លៃប៉ាន់ស្មាន ៨២៥លានដុល្លារ ខណៈរុស្ស៊ី បានបង្កើនការវាយប្រហាររបស់ខ្លួនលើទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន។

ការលក់ដែលអាចកើតមាននោះរួមមាន មីស៊ីលតម្រង់គោលដៅប្រភេទវាយប្រហារចម្ងាយបន្ថែម ERAM ចំនួន ៣.៣៥០គ្រាប់ រួមទាំងឧបករណ៍កំណត់គោលដៅចាប់សញ្ញា GPS និងយុទ្ធោបករណ៍ការពារក្នុងសង្គ្រាមអេឡិចត្រូនិកសម្រាប់សព្វាវុធដែលមានចម្ងាយ "ជាច្រើនរយ" គីឡូម៉ែត្រ នេះបើយោងតាមក្រុមហ៊ុនផលិតមួយក្នុងចំណោមអ្នកម៉ៅការជាច្រើន។
ទីក្រុងគីវ បានរងការវាយប្រហារដ៏ធំពីរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ដែលអាចកាន់តែខ្លាំងក្លាឡើងថែមទៀត ហើយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅដើមខែនេះថា ទីក្រុងគីវបានទទួលប្រាក់ចំនួន ១,៥ពាន់លានដុល្លារ ពីសម្ព័ន្ធមិត្តអឺរ៉ុប ដើម្បីទិញអាវុធអាមេរិក ជាផ្នែកមួយនៃយន្តការដែលលោកនិយាយថា "ពិតជាពង្រឹងការការពាររបស់អ៊ុយក្រែន"។
ប្រភពដែលដឹងពីកិច្ចព្រមព្រៀងនិយាយថា ការលក់ដែលអាចកើតមាននេះ ត្រូវផ្តល់មូលនិធិក្រោមកម្មវិធី Jump Start ដោយដាណឺម៉ាក ន័រវេស និងហូឡង់ ជាមួយនឹងការផ្តល់មូលនិធិបន្ថែមតាមរយៈកម្មវិធីហិរញ្ញប្បទានយោធាបរទេសអាមេរិក។ មន្ទីរបញ្ចកោណនិយាយថា កញ្ចប់យោធានេះក៏រួមបញ្ចូលទាំងឧបករណ៍ជំនួយ កម្មវិធីផែនការបេសកកម្ម គ្រឿងបន្លាស់ និងជំនួយបច្ចេកទេសផងដែរ៕

