យោងតាមលិខិតរួមគ្នាមួយដែលមើលឃើញដោយសារព័ត៌មានរ៉យទ័របានឱ្យដឹងថា បុគ្គលិកអង្គការសហប្រជាជាតិ រាប់រយនាក់នៅការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស OHCHR របស់លោក Volker Turk បានរួមគ្នាស្នើឱ្យប្រធានសិទ្ធិមនុស្សរូបនេះ ពណ៌នាឱ្យច្បាស់ពីសង្រ្គាមនៅតំបន់ហ្កាហ្សា ថាជាអំពើប្រល័យពូជសាសន៍ ដែលកំពុងតែលាតត្រដាងចេញមក។

លិខិត ដែលផ្ញើកាលពីថ្ងៃពុធ (២៧ សីហា) នោះបាននិយាយថា បុគ្គលិកចាត់ទុកថា លក្ខណៈវិនិច្ឆ័យផ្លូវច្បាប់សម្រាប់ «អំពើប្រល័យពូជសាសន៍» ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ជិត ២ឆ្នាំមកនេះនៅតំបន់ហ្កាហ្សា ត្រូវបានបំពេញ ដោយលើកឡើងពីទំហំ វិសាលភាព និងលក្ខណៈនៃការរំលោភបំពាន ដែលបានចងក្រងជាឯកសារនៅទីនោះ។
លិខិតនេះចុះហត្ថលេខាដោយគណៈកម្មាធិការបុគ្គលិក តំណាងឱ្យបុគ្គលិកជាង ៥០០នាក់ ហើយបានសរសេរថា "ការិយាល័យសិទ្ទិមនុស្ស OHCHR មានការទទួលខុសត្រូវផ្នែកច្បាប់ និងសីលធម៌ដ៏រឹងមាំក្នុងការថ្កោលទោសអំពើប្រល័យពូជសាសន៍" ដោយអំពាវនាវឱ្យលោក Turk ប្រកាន់យក "ជំហរច្បាស់លាស់ និងជាសាធារណៈ"។ លិខិតបន្ថែមថា "បរាជ័យក្នុងការថ្កោលទោសអំពើប្រល័យពូជសាសន៍ដែលកំពុងលាតត្រដាងចេញមក ធ្វើឱ្យខូចដល់ភាពជឿជាក់របស់អង្គការសហប្រជាជាតិ និងប្រព័ន្ធសិទ្ធិមនុស្សរបស់ខ្លួន"។
ទាក់ទងនឹងលិខិតនេះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric និយាយថា លោក Turk មានការគាំទ្រយ៉ាងពេញទំហឹង និងគ្មានលក្ខខណ្ឌពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដោយបន្ថែមថា "ការហៅព្រឹត្តិការណ៍ណាមួយថាជាអំពើប្រល័យពូជសាសន៍ គឺអាស្រ័យលើអាជ្ញាធរមានសមត្ថកិច្ច"។
ចំណែកក្រសួងការបរទេសអ៊ីស្រាអែលវិញនិយាយថា ខ្លួនមិនឆ្លើយតបនឹងលិខិតផ្ទៃក្នុងរបស់បុគ្គលិកអង្គការសហប្រជាជាតិនេះទេ បើទោះបីនោះជា «រឿងក្លែងក្លាយ គ្មានមូលដ្ឋាន និងការស្អប់ខ្ពើមទាំងងងឹតងងុលចំពោះអ៊ីស្រាអែល» ក៏ដោយ៕

