ក្រុមរដ្ឋអាជ្ញាពិសេសបាននិយាយនៅថ្ងៃសុក្រ (២៩ សីហា) នេះថា លោកស្រី Kim Keon Hee ភរិយារបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទស៊ីសំណូក និងការចោទប្រកាន់ផ្សេងទៀត ស្របពេលការស៊ើបអង្កេតកាន់តែទូលំទូលាយលើវិបត្តិច្បាប់អាជ្ញាសឹក និងរឿងអាស្រូវពាក់ព័ន្ធនឹងគូស្វាមីភរិយាដែលធ្លាប់មានឥទ្ធិពលបំផុតរបស់កូរ៉េខាងត្បូង។

ទាំងលោក Yoon និងលោកស្រី Kim ត្រូវបានចាប់ខ្លួន និងកំពុងជាប់ពន្ធនាគារ ដោយលោក Yoon បាននិងកំពុងឆ្លងកាត់ដំណើការកាត់ក្តីរួចមកហើយលើបទចោទជាច្រើន ដែលរួមមានបទបះបោរ បន្ទាប់ពីការបណ្តេញចេញពីតំណែងនៅខែមេសា ជុំវិញកិច្ចប្រឹងប្រែងដាក់ច្បាប់អាជ្ញាសឹកក្នុងខែធ្នូ។ គូស្វាមីភរិយាមួយគូនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតដាច់ដោយឡែកពីគ្នាដោយក្រុមរដ្ឋអាជ្ញាពិសេស។

នេះជាលើកទីមួយហើយដែលអតីតស្រ្តីទីមួយកូរ៉េខាងត្បូង ត្រូវចោទប្រកាន់ជាផ្លូវការ។ បទចោទលើលោកស្រី Kim នោះអាចត្រូវផ្តន្ទាទោសជាប់ពន្ធនាគារជាច្រើនឆ្នាំប្រសិនបើរកឃើញថាមានកំហុសពិតមែន ដែលបទចោទមានចាប់ពី ការក្លែងបន្លំភាគហ៊ុន រហូតដល់ការស៊ីសំណូកសូកប៉ាន់ ដែលពាក់ព័ន្ធនឹងម្ចាស់អាជីវកម្ម ឥស្សរជនសាសនា និងអ្នកសម្របសម្រួលអំណាចនយោបាយជាដើម។
ក្រុមមេធាវីរបស់លោកស្រី Kim បានបដិសេធបទចោទទាំងនោះ ហើយនិយាយថា របាយការណ៍ព័ត៌មានពីអំណោយមួយចំនួនដែលគេចោទលោកស្រីថាបានទទួលយក គឺជាការចោទទាំងគ្មានមូលដ្ឋានត្រឹមត្រូវ។ ជាមួយគ្នានេះ នៅថ្ងៃសុក្រដដែលនេះ រដ្ឋអាជ្ញាពិសេសដែលស៊ើបអង្កេតវិបត្តិច្បាប់អាជ្ញាសឹក ក៏ចោទប្រកាន់ជាផ្លូវការលើអតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo ផងដែរ៕