របាយការណ៍ពីសារព័ត៌មាន The Atlantic បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump មិនពេញចិត្តនឹងការទាមទាររបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងអឺរ៉ុប សម្រាប់ការបញ្ចប់សង្រ្គាម។ លោកចង់បានសន្តិភាពក្នុងលក្ខខណ្ឌណាក៏ដោយ។

មន្ត្រីជាន់ខ្ពស់ និងជាអតីតមន្ត្រីដែលមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មានថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោក Trump បានសម្តែងការខកចិត្តជាលក្ខណៈឯកជនដែលកិច្ចខិតខំប្រឹងប្រែងការទូតដ៏ខ្លាំងក្លារបស់លោកមិនទទួលបានលទ្ធផល។
ទន្ទឹមនឹងនេះដែរ គេនៅតែមិនច្បាស់ថា តើកិច្ចព្រមព្រៀងសន្តិភាពអាចមើលទៅដូចម៉េច ប្រសិនបើសម្រេចបាន។ សហរដ្ឋអាមេរិកពុំបានផ្តល់ការប្តេជ្ញាចិត្តច្បាស់លាស់ទាក់ទងនឹងការធានាសន្តិសុខនោះទេ។ ទីក្រុងវ៉ាស៊ីនតោន គ្រាន់តែពិចារណាលើការចែករំលែកព័ត៌មានចារកម្មជាមួយអ៊ុយក្រែន និងអាចជាជំនួយក្នុងវិស័យការពារដែនអាកាសប៉ុណ្ណោះ។
ប្រភពបានប្រាប់សារព័ត៌មានថាលោក Trump មិនពេញចិត្តនឹងការទាមទាររបស់លោក Zelenskyy និងការទាមទារសម្រាប់សន្តិភាពរបស់អឺរ៉ុប ទេ ។ តាមទស្សនៈរបស់លោក អ៊ុយក្រែន និងបណ្តាប្រទេសអឺរ៉ុបគួរតែទទួលយកថា អ៊ុយក្រែនអាចនឹងត្រូវបោះបង់ទឹកដីខ្លះ។ ក្នុងពេលជាមួយគ្នានេះ មេដឹកនាំអាមេរិករូបនេះ មិនចង់បង្កើនការចូលពាក់ព័ន្ធរបស់អាមេរិកទេ ដោយបារម្ភចថាអាចមានការបែកបាក់ក្នុងបក្សសាធារណរដ្ឋ៕

