ទីក្រុងប៉េកាំង បានរំលឹកជាថ្មីកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា តំបន់ថ្មប៉ប្រះទឹក Ren'ai គឺជាផ្នែកដែលមានដើមកំណើតនៃទឹកដីរបស់ខ្លួន ដោយបានព្រមានហ្វីលីពីនឱ្យបញ្ឈប់ការបង្កហេតុដែនសមុទ្រ និងបញ្ឈប់ការធ្វើឱ្យស្ថានការណ៍ស្មុគស្មាញនៅសមុទ្រចិនខាងត្បូង។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយថា សកម្មភាពរបស់នាវាចិន នៅក្នុងដែនទឹកដែលស្ថិតនៅក្រោមយុត្តាធិការរបស់ប្រទេសចិន គឺស្របច្បាប់ និងហួសពីការរិះគន់ដោយលោកបានបន្ថែមថា ហ្វីលីពីនបានបំពានលើទឹកដីរបស់ប្រទេសចិន ដោយចតនាវាចោលរយៈពេលដ៏យូរនៅលើតំបន់ថ្មប៉ប្រះទឹក។

ការអត្ថាធិប្បាយរបស់លោក Guo បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីមានរបាយការណ៍ដកស្រង់ពីភាគីហ្វីលីពីនដែលបាននិយាយថា ទោះបីជាមានការកើនឡើងនៃសកម្មភាពរបស់ចិននៅក្នុងដែនទឹកក្បែរថ្មប៉ប្រះទឹក Ren'ai ក៏ដោយ ក៏ហ្វីលីពីននឹងមិនបញ្ឈប់បេសកកម្មទៀងទាត់ដើម្បីផ្គត់ផ្គង់នាវាហ្វីលីពីនឡើងវិញ ដែលបានចុះចតដោយខុសច្បាប់នៅលើថ្មប៉ប្រះទឹកក្នុងឆ្នាំ១៩៩៩ នោះទេ។
លោក Guo បាននិយាយថា ការចតចោលនាវារបស់ហ្វីលីពីន ក៏ជាការរំលោភលើសេចក្តីប្រកាសស្តីពីក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង ដែលអំពាវនាវឱ្យភាគីនានា ជៀសវាងពីកោះ និងថ្មប៉ប្រះទឹកដែលគ្មានមនុស្សរស់នៅ នោះដែរ ដោយបន្ថែមថា ប្រទេសចិន ស្នើយ៉ាងទទូចឲ្យហ្វីលីពីនយកនាវានោះចេញ៕