អាជ្ញាធរគ្រោះមហន្តរាយខេត្តបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែសីហាថា ទឹកជំនន់ដ៏មហន្តរាយបានជន់លិចភូមិជាង១.៦០០ភូមិនៅក្នុងខេត្ត Punjab របស់ប្រទេសប៉ាគីស្ថាន ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៧នាក់ស្លាប់ និងប៉ះពាល់ដល់មនុស្សជាង១លាននាក់។ នាយកអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោក Irfan Ali Khan បានបញ្ជាក់ថា ចំនួនអ្នកស្លាប់គឺដោយសារតែ «គ្រោះថ្នាក់ផ្សេងៗក្នុងអំឡុងពេលទឹកជំនន់ រួមទាំងការលង់ទឹក»។

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរប៉ាគីស្ថាន បានជម្លៀសមនុស្សជាងមួយលាននាក់ចេញពីលំនៅឋាននៅក្នុងខេត្ត Punjab ក្នុងសប្តាហ៍នេះ ខណៈទឹកជំនន់ធ្ងន់ធ្ងរបំផុតដែលបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងភូមិរាប់រយ និងបានធ្វើឲ្យដំណាំធញ្ញជាតិសំខាន់ៗលិចទឹក។

ភ្លៀងមូសុងយ៉ាងខ្លាំង និងការរំដោះទឹកពីទំនប់របស់ប្រទេសឥណ្ឌាដែលនៅជិតខាងបានធ្វើឱ្យទន្លេចំនួនបីហូរចូលខេត្តភាគខាងកើត ដោយបង្ខំឱ្យអាជ្ញាធរទម្លាយច្រាំងទន្លេនៅកន្លែងមួយចំនួន។
ប្រទេសឥណ្ឌា ដែលតែងតែបញ្ចេញទឹកពីទំនប់ នៅពេលដែលវាពេញខ្លាំងពេកនោះ បានបញ្ជូនការព្រមានអំពីទឹកជំនន់ទៅកាន់ប្រទេសប៉ាគីស្ថាន ដែលជាគូប្រជែងរបស់ខ្លួនក្នុងសប្តាហ៍នេះ ដោយចាត់ទុកថាជាវិធានការមនុស្សធម៌។ ប្រទេសទាំងពីរ កំពុងទប់ទល់ទៅនឹងរដូវភ្លៀងមូសុងដ៏ខ្លាំងដែលបានបង្កជាទឹកជំនន់យ៉ាងគំហុក។ យ៉ាងហោចណាស់មនុស្ស៦០នាក់បានស្លាប់នៅក្នុងខែនេះនៅក្នុងតំបន់កាស្មៀរប្រទេសឥណ្ឌាដែលរងគ្រោះខ្លាំង ខណៈចំនួនអ្នកស្លាប់នៅប្រទេសប៉ាគីស្ថានចាប់តាំងពីចុងខែមិថុនាមានចំនួន៨១៩នាក់។