អ៊ីស្រាអែលកំពុងរៀបចំកោះហៅទាហានបម្រុងរាប់ម៉ឺននាក់ សម្រាប់ការវាយលុករបស់ទីក្រុងហ្កាហ្សា ប៉ុន្តែមន្ត្រីយោធា លើកឡើងថា វាមិនទាន់មានភាពច្បាស់លាស់ទេថា តើចំនួនប៉ុន្មាននាក់ នឹងត្រូវត្រលប់ទៅសមរភូមិវិញ បន្ទាប់ពីមានសង្រ្គាមដ៏គួរឲ្យធុញទ្រាន់អូសបន្លាយពេលជិត ២ឆ្នាំនេះ។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ចំនួនទាហានបម្រុងអ៊ីស្រាអែលច្រើនឡើងៗ មិនបានបង្ហាញខ្លួនសម្រាប់ការចូលបម្រើយោធានោះទេ។ អ្នកខ្លះលើកឡើងពីភាពហត់នឿយ ក៏ដូចជាតម្រូវការ ស្ដារចំណងអាពាហ៍ពិពាហ៍ដែលជួបនឹងភាពរកាំរកូស ឬអាជីពជួបបញ្ហា។ ហើយអ្នកខ្លះទៀតនិយាយថា ពួកគេកាន់តែអស់ទំនុកចិត្ត ចំពោះសង្គ្រាមនេះ។

ការកើនឡើងនូវភាពមិនសប្បាយចិត្ត ក្នុងជួរយោធានេះ គំរាមកំហែងធ្វើឲ្យស្មុគស្មាញដល់ផែនការរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការគ្រប់គ្រងទីក្រុងហ្កាហ្សា ជាកិច្ចប្រឹងប្រែងមួយ ដើម្បីយកឈ្នះក្រុមហាម៉ាសទាំងស្រុងតែម្ដង។ យោធាបានឲ្យដឹងថា ខ្លួនគ្រោងនឹងកោះហៅទាហានបម្រុងចំនួន ៦០.០០០នាក់បន្ថែមទៀត និងពង្រីកសេវាកម្មចំនួន ២០.០០០បន្ថែមទៀត។
យោធាអ៊ីស្រាអែល មិនបានផ្តល់នូវតួលេខច្បាស់លាស់ អំពីចំនួនទាហានបម្រុងដែលបានបោះបង់ការចូលបំពេញកាតព្វកិច្ចនោះទេ ដែលធ្វើឲ្យវាពិបាកក្នុងការវាយតម្លៃពីកម្រិតនៃបញ្ហា។ កាលពីខែឧសភា មន្ត្រីយោធាជាន់ខ្ពស់អ៊ីស្រាអែល បានប្រាប់គណៈកម្មាធិការសភាថា ទោះបីជាអ្នកខ្លះមិនចូលមកបង្ហាញខ្លួនក៏ដោយ ក៏ទាហានបម្រុងភាគច្រើននៅតែមានមកដែរ។
ប៉ុន្តែមន្ត្រី និងទាហានប្រមាណជាជាង ១០នាក់ផ្សេងទៀត បានពណ៌នាថា អង្គភាពកាន់តែបាត់បង់សមាជិក និងហត់នឿយ ដោយយ៉ាងហោចណាស់ ២នាក់និយាយថា ពី ៤០ភាគរយ ទៅ ៥០ភាគរយនៃសមមិត្តបម្រុងរបស់ពួកគេ មិនបានចូលបំពេញកាតព្វកិច្ច។ អ្នកខ្លះទៀតបាននិយាយថា ពួកគេបានបោះបង់ចោល ដោយមានជំនឿថា សង្គ្រាមលែងមានភាពត្រឹមត្រូវទៀតហើយ៕


