ក្រុមអាជ្ញាធរសហព័ន្ធនិយាយថា ភ្នាក់ងារពន្លត់អគ្គិភ័យ ២នាក់ ដែលរួមចំណែកជាមួយក្រុមការងារក្នុងការព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃនៅដែនដី Olympic Peninsula រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួនយកទៅឃុំខ្លួនដោយភ្នាក់ងារល្បាតព្រំដែនសហរដ្ឋអាមេរិក ។
ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក និងក្រុមល្បាតព្រំដែននិយាយក្នុងសេចក្តីថ្លែងកាណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ភ្នាក់ងារល្បាតព្រំដែនរកឃើញថា កម្មករ ២នាក់ ដែលត្រូវបានជួលដោយក្រុមហ៊ុនពន្លត់អគ្គិភ័យជាប់កិច្ចសន្យាឯកជន ខុសច្បាប់នៅសហរដ្ឋអាមេរិក ហើយនិងបានឃាត់ខ្លួនពួកគេ អំឡុងពេលប្រតិបត្តិការពន្លត់អណ្តាតភ្លើង ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា ភ្នាក់ងារសហព័ន្ធ បានចាប់ខ្លួនបុគ្គលិក ២នាក់ មកពីក្រុមហ៊ុនពន្លត់អគ្គិភ័យជាប់កិច្ចសន្យាឯកជន រយៈពេលច្រើនម៉ោងកាលពីថ្ងៃពុធ ពេលដែលពួកគេត្រៀមខ្លួន ទប់ស្កាត់ភ្លើងឆេះព្រៃ Bear Gulch Fire លើផ្ទៃដីទំហំ ៩ពាន់ហិចតា នៅរដ្ឋវ៉ាស៊ីនតោន ។
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ការវាយឆ្មក់អន្តោប្រវេសន៍បែបនេះ ហាក់ចម្លែកខ្លាំង ដោយសារប្រតិបត្តិការបែបនេះ ពុំត្រូវបានធ្វើឡើងនៅតំបន់ជួបគ្រោះមហន្តរាយធម្មជាតិ ឬតំបន់ស្ថិតក្នុងគ្រាអាសន្ននោះទេ ។
ទីភ្នាក់ងារគយ និងការពារព្រំដែន(CBP)សហរដ្ឋអាមេរិក និយាយថា ក្រុមមន្រ្តីរបស់ខ្លួន ត្រូវបានស្នើសុំដោយអនុរក្សព្រៃឈើ ដើម្បីធ្វើការបញ្ជាក់ផ្ទៀងផ្ទាត់ឈ្មោះដែលផ្តល់ជូនដោយក្រុមហ៊ុនពន្លត់អគ្គិភ័យជាប់កិច្ចសន្យា ។
CBP និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ភាពខុសប្លែកគ្នាជាច្រើន ត្រូវបានបញ្ចាក់ ហើយបុគ្គល ២នាក់ ត្រូវបានរកឃើញថា ខុសច្បាប់នៅសហរដ្ឋអាមេរិក ក្នុងនោះបុគ្គលម្នាក់មានបទបញ្ជាលើកមុនឲ្យដកចេញ ៕
