កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro បានកោតសរសើរប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro សម្រាប់ការដាក់ពង្រាយទាហាន ២៥.០០០នាក់ ដើម្បីពង្រឹងសន្តិសុខនៅតំបន់ Catatumbo ដែលជាតំបន់សំខាន់នៅតាមព្រំដែនរួមរវាងប្រទេសជិតខាងទំាង ២ ។
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡា បានកើនឡើង ស្របពេលដំឡើងកងទ័ពជើងទឹកទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិកនៅដែនទឹកការ៉ាអ៊ីបខាងត្បូង និងដែនទឹកក្បែរនោះ ដែលក្រុមមន្រ្តីសហរដ្ឋអាមេរិក និយាយថា មានគោលដៅលើកឡើងការគំរាមកំហែងពីក្រុមមេខ្លោងជួញដូរគ្រឿងញៀនអាមេរិកឡាទីន ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើឲ្យវិធានការបង្រ្កាបលើក្រុមមេខ្លោងគ្រឿងញៀនរបស់លោក ក្លាយជាគោលដៅស្នូលនៃរដ្ឋបាលរបស់លោក ដែលជាផ្នែកមួយនៃកិច្ចខិតខំទ្រង់ទ្រាយធំជាងមុន ក្នុងការរឹតត្បិតការធ្វើអន្តោប្រវេសន៍ និងដើម្បីរក្សាសន្តិសុខនៅតាមតំបន់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ។

ខណៈដែលឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក និងនាវាកងទ័ពជើងទឹក ប្រតិបត្តិការញឹកញាប់នៅដែនទឹកការ៉ាអ៊ីបខាងត្បូង ការដំឡើងកងទ័ពជើងទឹកបែបនេះ មានលក្ខណៈទ្រង់ទ្រាយធំជាងការដាក់ពង្រាយដូជសព្វមួយដងនៅក្នុងតំបន់ គឺជាចំណាត់ការមួយដែលត្រូវបានបរិហារដោយលោក Maduro ។
មន្ទីរបច្ចកោណពុំបានបង្ហាញជាសាធារណៈនោះទេថាតើបេកកម្មរបស់សហរដ្ឋអាមេរិកនេះ ជាអ្វីឲ្យពិតប្រាកដ ប៉ុន្តែរដ្ឋបាលរបស់លោក Trump និយាយថា ឥឡូវពួកគេអាចប្រើប្រាស់យោធា ដើម្បីតាមចាប់ខ្លួនក្រុមមេខ្លោងជួញដីរគ្រឿងញៀន ហើយនិងក្រុមឧក្រិដ្ឋកម្ម ហើយពួកគេបានបញ្ជាមន្ទីរបច្ចកោណឲ្យត្រៀមជម្រើស ។
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X ប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro និយាយថា លោកបានបញ្ជាឲ្យកងទ័ពកូឡុំប៊ី បង្កើនចំនួនទាហានរបស់ខ្លួននៅតំបន់ Catatumbo ដើម្បីកាត់បន្ថយកកម្លាំងរបស់ក្រុមម៉ាហ្វីយ៉ា ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ៕
