ការិយាល័យសិទ្ធមនុស្សអង្គការសហប្រជាជាតិ(UN) និយាយនៅថ្ងៃសុក្រនេះថា អាជ្ញាធរអ៊ីរ៉ង់ បានប្រហារជីវិតមនុស្សយ៉ាងហោច ៨៤១នាក់មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ធ្វើឲ្យវាក្លាយជាកំណើនប្រហារជីវិតមនុស្សដ៏ច្រើនលើសលប់មួយ ។
យោងតាមការអះអាងរបស់ទីភ្នាក់ងារសិទ្ធិមនុស្ស UN បានឲ្យដឹងថា មនុស្ស ១១០នាក់ ត្រូវបានប្រហារនៅក្នុងខែកក្កដា ពោលគឺមានចំនួនកើនឡើងទ្វេដងពីចំនួនមនុស្សត្រូវបានប្រហារជីវិតក្នុងខែតែមួយកាលពីឆ្នាំមុន ។ ពួកគេទាំងនោះ រួមមានស្រ្តី ជនជាតិអាហ្វហ្គានីស្ថាន និងជនជាតិភាគតិច ដូចជាជនជាតិភាគតិច Baloch ជនជាតិភាគតិចឃើដ និងពលរដ្ឋអារ៉ាប់ជាដើម ។
លោកស្រី Ravina Shamdasani គឺជាឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(OHCHR) បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ចំនួនមនុស្សប្រហារជីវិតដ៏ខ្ពស់នេះ បង្ហាញពីគំរូជាប្រព័ន្ធដោយប្រើប្រាស់ទោសប្រហារជីវិតជាអាវុធនៃការបំភិតបំភ័យរបស់រដ្ឋអ៊ីរ៉ង់ ដោយមានគោលដៅពុំសមមាត្រលើជនជាតិភាគតិច និងជនអន្តោប្រវេសន៍ ។
លោកស្រី Shamdasani បន្តថា អ៊ីរ៉ង់ពុំបានអើពើនោះទេចំពោះការអំពាវនាវជាច្រើនឲ្យចូលរួមចលនាពិភពលោកឆ្ពោះទៅរការលុបបំបាត់ចោលទោសប្រហារជីវិត ។
OHCHR និយាយថា មនុស្ស ១១នាក់បច្ចុប្បន្នប្រឈមនឹងការប្រហារជីវិតជិតមកដល់ ក្នុងនោះអ្នកទោស ៦នាក់ក្នុងចំណោមពួកគេ រងការចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធនឹងការបះបោរប្រដាប់អាវុធ ហើយមនុស្ស ៥នាក់ទៀត ប្រឈមនឹងទោសប្រហារជីវិត ពាក់ព័ន្ធនឹងការចូលរួមរបស់ពួកគេនៅក្នុងបាតុកម្មឆ្នាំ ២០២២ ។
ដោយឡែក លោកស្រី Volker Turk គឺជាប្រធានក្រុមសិទ្ធិមនុស្ស UN បានអំពាវនាវឲ្យអ៊ីរ៉ង់បញ្ឈប់ បណ្តោះអាសន្នការអនុវត្តទោសប្រហារជីវិត ជាជំហានមួយឆ្ពោះទៅរកការលុបបំបាត់ចោលទាំងស្រុងការប្រើប្រាស់ការដាក់ទោសប្រហារជីវិតនេះ ៕