វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសឥណ្ឌាក្នុងខែធ្នូ ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ក្នុងពេលមានសម្ពាធពីសហរដ្ឋអាមេរិកជុំវិញការទិញប្រេងរបស់ទីក្រុងញូវដែលី ពីប្រទេសរុស្ស៊ី។

ជំនួយការរបស់វិមានក្រឹមឡាំង លោក Yuri Ushakov បានប្រាប់អ្នកសារព័ត៌មានថា លោក Putin ក៏នឹងជួបជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នៅក្នុងកិច្ចប្រជុំកំពូលប្រចាំតំបន់នៅប្រទេសចិននៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពី «ការត្រៀមសម្រាប់ដំណើរទស្សនកិច្ចនៅខែធ្នូ»។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានរដំឡើងពន្ធយ៉ាងខ្ពស់លើទំនិញរបស់ប្រទេសឥណ្ឌាក្នុងការឆ្លើយតបទៅនឹងការបង្កើនការនាំចូលប្រេងរបស់ទីក្រុងញូវដែលីពីប្រទេសរុស្ស៊ី ជាផ្នែកនៃយុទ្ធនាការរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីដាក់គំនាបលើប្រាក់ចំណូលរបស់ទីក្រុងមូស្គូ និងជំរុញឱ្យទីក្រុងនេះបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
ការនាំចេញថាមពលនៅតែជាប្រភពចំណូលដ៏សំខាន់សម្រាប់ថវិការដ្ឋរបស់រុស្ស៊ី ខណៈទីក្រុងមូស្គូគឺជាអ្នកផ្គត់ផ្គង់សព្វាវុធកំពូលមួយរបស់ឥណ្ឌាជាយូរមកហើយ ដោយទំនាក់ទំនងមានមកតាំងពីសម័យសូវៀត។ សម្ព័ន្ធមិត្តប្រទេសលោកខាងលិចរបស់អ៊ុយក្រែន បានព្យាយាមរារាំងប្រាក់ចំណូលពីការនាំចេញរបស់រុស្ស៊ី ចាប់តាំងពីប្រទេសនេះចាប់ផ្តើមការវាយលុកពេញលេញរបស់ខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ប៉ុន្តែទីក្រុងមូស្គូបានត្រៀមដើម្បីប្តូរទិសដៅការលក់ប្រេងជាច្រើនរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌា និងប្រទេសចិន ដោយធានាបានថាប្រាក់រាប់ពាន់លានដុល្លារនៅតែបន្តហូរចូលទៅក្នុងឃ្លាំងរបស់ខ្លួន។