ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោក Amir Saeid Iravani បាននិយាយកាលពីថ្ងៃសុក្រ (ទី២៩ ខែសីហា) ថា ប្រទេសអាល្លឺម៉ង់ បារាំង និងអង់គ្លេស បានផ្តល់ផែនការ ដើម្បីពន្យារពេលការដាក់ទណ្ឌកម្មរបស់ UN ឡើងវិញ លើទីក្រុងតេអេរ៉ង់ ដែលមាន «ពេញទៅដោយលក្ខខណ្ឌជាមុនមិនប្រាកដនិយម»។
លោកបានបញ្ជាក់ថា ផ្ទុយទៅវិញ ប្រទេសទាំង៣ គួរតែគាំទ្រ «ការពង្រីកបន្ថែមនូវបច្ចេកទេសខ្លីៗដោយគ្មានលក្ខខណ្ឌនៃសេចក្ដីសម្រេចលេខ ២២៣១ ដែលធ្វើឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ មានប្រសិទ្ធភាព។
នៅឯ UN ប្រទេសទាំង៣ បានជំរុញឲ្យអ៊ីរ៉ង់បំពេញតាមតម្រូវការចំនួន៣ ដូច្នេះ ការគំរាមកំហែងរបស់ពួកគេ ក្នុងការដាក់ទណ្ឌកម្មរបស់ UN ឡើងវិញ អាចត្រូវបានពន្យារពេល ដើម្បីឲ្យមានឱកាសធ្វើកិច្ចពិភាក្សា អំពីកិច្ចព្រមព្រៀងមួយ ដែលដោះស្រាយក្ដីបារម្ភ អំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
បេសកជនរបស់ UN សម្រាប់ប្រទេសទាំង៣ ដែលត្រូវបានគេស្គាល់ថា E3 បានចេញសេចក្តីថ្លែងការណ៍រួមមួយ មុនពេលមានកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខ ពោលគឺមួយថ្ងៃបន្ទាប់ពីប្រទេសទាំង៣ បានចាប់ផ្តើមដំណើរការរយៈពេល ៣០ថ្ងៃ ដើម្បីដាក់ទណ្ឌកម្មឡើងវិញរបស់ UN លើអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាសរបស់ប្រទេសនេះ។
E3 បានផ្តល់ការពន្យារពេលការដាក់ទណ្ឌកម្មឡើងវិញ ដែលត្រូវបានគេស្គាល់ថា ទណ្ឌកម្មឡើងវិញស្វ័យប្រវត្តិ រហូតដល់ ៦ខែ ប្រសិនបើអ៊ីរ៉ង់បានអនុញ្ញាតឡើងវិញឲ្យអ្នកត្រួតពិនិត្យនុយក្លេអ៊ែររបស់ UN ចូលទៅកាន់ទីតាំងនុយក្លេអ៊ែររបស់ខ្លួន ដោះស្រាយក្ដីបារម្ភ អំពីការស្តុកទុកនូវសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់ខ្លួន និងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក៕