អ្នកនាំពាក្យពាក្យព្រឹទ្ធសភាកម្ពុជាឯកឧត្តម ជា ធីរិទ្ធ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោកបានផ្តល់សារៈសំខាន់ខ្លាំងណាស់ចំពោះប្រទេសជិតខាង ដែលជាប្រទេសភូមិផងរបងតែមួយ ហើយតាំងពីលោកធ្វើជានាយករដ្ឋមន្រ្តី មកលោកតែងតែផ្តល់តម្លៃ ក្នុងការធ្វើទំនាក់ទំនងល្អជាមួយប្រទេសជិតខាងជានិច្ច។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ស្តីពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសវៀតណាម នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាមចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ជា ធីរិទ្ធ បានលើកឡើងថា ការដែលសម្តេចតេជោ អញ្ជើញទៅចូលរួមផ្ទាល់នូវបុណ្យឯករាជ្យជាតិវៀតណាមនេះ គឺសម្តេចបានផ្តល់តម្លៃខ្ពស់ណាស់ចំពោះបុណ្យឯករាជ្យរាជជាតិដែល ជាការខិតខំទាមទារឯករាជ្យរបស់វៀតណាមកាលពី៨០ឆ្នាំមុន ហើយមួយវិញទៀតដំណើរទស្សនកិច្ចនេះផងដែរក៏ជាការផ្តល់នូវសារៈសំខាន់នូវទំនាក់ទំនងទ្វេភាគីដ៏ល្អរវាងកម្ពុជា និងវៀតណាមផងដែរ។
បើតាមអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ក៏ជាការ ឆ្លើយតបតាមការអញ្ជើញរបស់ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមផងដែរ។ ស្របពេលនៃការអញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រខាងលើសម្ដេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំវៀតណាមរួមមានឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភា និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី។
ជាមួយនេះដែរ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏គ្រោងជួបពិភាក្សា ការងារជាមួយថ្នាក់ដឹកនាំបរទេសដទៃទៀតដែលនឹងអញ្ជើញចូលរួមពិធីរំលឹកខួបនេះរួមទាំង មាននូវលាងសាយភោជត្រីភាគីជាមួយថ្នាក់ដឹកនាំកំពូលវៀតណាម និងថ្នាក់ដឹកនាំឡាវផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា ដំណើរទស្សនកិច្ចជាលើកទី៣នៅក្នុងឆ្នាំ២០២៥ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋសង្គមនិយម វៀតណាម ខណៈដំណើរទស្សនកិច្ចនេះគឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់និងការប្ដេជ្ញាចិត្តខ្ពស់បំផុតពីថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសារៈសំខាន់នៃការកសាងភាពជឿទុកចិត្តគ្នា និងការពង្រឹងទំនាក់ទំនង មិត្តភាពដ៏ល្អប្រសើរជាមួយប្រទេសជិតខាង នៅគ្រប់កម្រិត និងគ្រប់វិស័យ ជាពិសេសរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ក្នុងគោលដៅធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»៕អត្ថបទ ៖ បាន ចក់

