ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយនៅថ្ងៃចន្ទ (១ កញ្ញា) នេះថា បញ្ហានៃការពង្រីកខ្លួនទៅភាគខាងកើតរបស់សម្ព័ន្ធយោធាណាតូ ត្រូវតែដោះស្រាយឱ្យរួចដើម្បីអាចទទួលបានសន្តិភាពប្រកបដោយនិរន្តរភាពនៅអ៊ុយក្រែន បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធីបតីចិន លោក Xi Jinping និងលោក Narendra Modi របស់ឥណ្ឌា។

ថ្លែងនៅវេទិកាអង្គការសហប្រតិបត្តិការសៀងហៃ SCO នៅទីក្រុងធានជីន ប្រទេសចិន លោក Putin បានលើកឡើងថា៖ «រុស្ស៊ីសូមកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចប្រឹងប្រែង និងសំណើរបស់ចិន និងឥណ្ឌា ដែលមានបំណងសម្របសម្រួលការដោះស្រាយវិបត្តិអ៊ុយក្រែន»។
លោក Putin បន្តថា ការយោគយល់គ្នាដែលឈានដល់នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរដ្ឋអាឡាស្កា ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងខែសីហានេះ ជាជំហានបើកផ្លូវទៅកាន់ដំណោះស្រាយចំពោះវិបត្តិនៅអ៊ុយក្រែន។ មេដឹកនាំវិមានក្រឹមឡាំងរូបនេះបន្ថែមថា លោកក៏បានលម្អិតប្រាប់ទៅកាន់លោក Xi កាលពីថ្ងៃអាទិត្យរួចមកហើយ ពីសមិទ្ធិផលនៃកិច្ចពិភាក្សាជាមួយលោក Trump នោះ និងកិច្ចការ «ក៏កំពុងដំណើរការរួចផងដែរ» ដើម្បីដោះស្រាយជម្លោះ។
លោក Putin សង្កត់ធ្ងន់ថា «ដើម្បីឱ្យដំណោះស្រាយអ៊ុយក្រែន មាននិរន្តរភាព និងយូរអង្វែង មូលហេតុឫសគល់នៃវិបត្តិត្រូវតែត្រូវដោះស្រាយឱ្យបាន ហើយផ្នែកមួយនៃឬសគល់ជម្លោះ គឺស្ថិតនៅក្នុងការប៉ុនប៉ងដែលកំពុងបន្តដោយលោកខាងលិច ដើម្បីនាំអ៊ុយក្រែន ចូលទៅក្នុងអង្គការណាតូ»៕

