មន្ត្រីជាន់ខ្ពស់ឥណ្ឌាម្នាក់ បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីចិន លោក Xi Jinping ក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃអាទិត្យ (ទី៣១ ខែសីហា) បានលើកឡើង ៤ចំណុច ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង ២ ឲ្យកាន់តែស៊ីជម្រៅ។
នៅទីក្រុង Tianjin ប្រទេសចិន ជាកន្លែងដែលមេដឹកនាំទាំង២ បានជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលសន្តិសុខ និងសេដ្ឋកិច្ចក្នុងតំបន់ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vikram Misri បានប្រាប់អ្នកសារព័ត៌មានថា លោក Xi បានអំពាវនាវឲ្យមាន «ទំនាក់ទំនងជាយុទ្ធសាស្ត្រ» កាន់តែរឹងមាំ និងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក។

លោក Misri បានឲ្យដឹងទៀតថា លោក Xi ក៏បានអំពាវនាវឲ្យពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បី «សម្រេចបាននូវផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ» ជួយសម្រួលកង្វល់គ្នាទៅវិញទៅមក ហើយនិង «ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីការពារផលប្រយោជន៍រួម»។ ហើយលោក Misri បានបញ្ជាក់ថា លោក Modi បាន «ឆ្លើយតបជាវិជ្ជមាន» ចំពោះការលើកឡើងនូវចំណុចទាំងនេះ។
លោករដ្ឋមន្ត្រីការបរទេសរូបនេះ បានប្រាប់បន្តថា មេដឹកនាំទាំង២ ក៏បានពិភាក្សាផងដែរគ្នា អំពីបញ្ហាព្រំដែន ដោយមានការជជែកចរចាគ្នាបន្ថែមទៀត ស្តីពីការកំណត់ព្រំដែន ដែលរំពឹងថា នឹងប្រព្រឹត្តទៅនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ លោកបានបន្ថែមថា ការពិភាក្សាបច្ចេកទេសក៏កំពុងដំណើរការទៅផងដែរ ដើម្បីចាប់ផ្ដើមការហោះហើរត្រង់ឡើងវិញ រវាងប្រទេសទាំង២ ហើយលើសពីនោះមេដឹកនាំទាំង២ បានពិភាក្សាអំពីវិធី ដើម្បីបង្កើន និងធ្វើឲ្យមានតុល្យភាពពាណិជ្ជកម្មទ្វេភាគី ពង្រឹងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន កិច្ចសហប្រតិបត្តិការលើទន្លេឆ្លងព្រំដែន និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
គួរបញ្ជាក់ថា លោក Modi មានវត្តមាននៅក្នុងប្រទេសចិនជាលើកដំបូង ក្នុងរយៈពេល ៧ឆ្នាំ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ៕
