ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ា បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសឥណ្ឌា នឹងបញ្ជូនក្រុមទៅត្រួតពិនិត្យការបោះឆ្នោតទូទៅ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលហែកហួរដោយសង្រ្គាម ដែលគ្រោងនឹងចាប់ ផ្តើម នៅក្នុងខែធ្នូ ខណៈដែលទីក្រុងញូវដែលី បង្ហាញសញ្ញាគាំទ្រការបោះឆ្នោតដែលត្រូវបានក្រុមអ្នករិះគន់ចំអកឲ្យរួចហើយថា ជាការក្លែងបន្លំ។
ប្រមុខយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុង ឡាំង (Min Aung Hlaing) បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា មូឌី (Narendra Modi) កាលពីថ្ងៃអាទិត្យ នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ក្នុងប្រទេសចិន ដែលជាការចូលរួមជាអន្តរជាតិដ៏កម្រមួយសម្រាប់លោកឧត្តមសេនីយ៍ ដែលក្រុមមេដឹកនាំបរទេសភាគច្រើនគេចមិនចង់ជួប ចាប់តាំងពីការដឹកនាំរដ្ឋប្រហារ ក្នុងឆ្នាំ ២០២១។

សារព័ត៌មានរដ្ឋ Global New Light of Myanmar បានរាយការណ៍ថា៖«នៅក្នុងកិច្ចប្រជុំនេះ ពួកគេបានផ្លាស់ប្តូរយោបល់អំពីវិធានការធានាសន្តិភាព និងស្ថិរភាព ក្នុងតំបន់ព្រំដែននៃប្រទេសទាំងពីរ ការជំរុញពាណិជ្ជកម្ម ការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការ»។
យោធាបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ដែលជាជ័យលាភីរង្វាន់ណូបែលកាលពី ៤ឆ្នាំកន្លះមុន ក្រោមហេតុផលនៃការក្លែងបន្លំការបោះឆ្នោត បានបង្កឲ្យមានសង្រ្គាមស៊ីវិលដ៏មហន្តរាយ ដែលបានរួបរឹតផ្នែកជាច្រើននៃប្រទេសអាស៊ីអាគ្នេយ៍ដែលដ៏ក្រីក្រមួយនេះ។
មីយ៉ាន់ម៉ា គ្រោងនឹងរៀបចំដំណាក់កាលដំបូងនៃការបោះឆ្នោតសកលលើកទី១ ចាប់តាំងពីរដ្ឋប្រហារនៅថ្ងៃទី ២៨ ខែធ្នូ ដែលជាផ្នែកមួយនៃការបោះឆ្នោតដែលរដ្ឋបាលបណ្តោះអាសន្នដែលគាំទ្រដោយយោធាកំពុងស្វែងរកការបោះឆ្នោតនៅជាង ៣០០មណ្ឌល ទូទាំងប្រទេស រួមទាំងតំបន់ដែលបច្ចុប្បន្នកាន់កាប់ដោយក្រុមប្រដាប់អាវុធប្រឆាំង។
