ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារាត្រីឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ស្តីអំពី លទ្ធផលនៃការចូលរួម “កិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ នៅសាធារណរដ្ឋប្រជាមានិតចិន” ឯកឧត្ដម មាស សោភ័ណ្ឌ អ្នកនាំពាក្យនាយរដ្ឋមន្ត្រី មានប្រសាសន៍ថា សម្ដេចបវរធិបតីបានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធានាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB។
ដោយក្នុងជំនួបនោះ ធនាគារ AIIB បានបង្ហាញចំណាប់អារម្មណ៍ក្នុងការជម្រុញនូវកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម និងវិស័យអប់រំទំនើបនៅកម្ពុជា។
ឯកឧត្ដម មាស សោភ័ណ្ឌ មានប្រសាសន៍បន្តថា សម្ដេចបវរធិបតី បានសម្ដែងសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ ចំពោះចំណាប់អារម្មណ៍របស់ ធនាគារ AIIB ក្នុងការស្វែងរកនូវឱកាសនៃកិច្ចសហប្រតិបត្តិការនានានៅកម្ពុជា និងបានលើកទឹកចិត្តឱ្យធនាគារ បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជាដើម្បីចាប់យកឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្ដែងបន្ថែមទៀត។
គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញទៅប្រទេសចិន កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ ដំណើរអញ្ជើញទៅប្រទេសចិននេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលរៀបចំធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។
ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបជាច្រើនទៀត រួមមាន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង, លោក វ៉ាង ហ៊ូនីញ ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន, លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ថងលូន ស៊ីសូលីត ប្រមុខរដ្ឋឡាវ, លោក Khadga Prasad sharma Oli នាយករដ្ឋមន្ត្រីនេប៉ាល់ និងលោក អង់តូនីញ៉ូ ហ្កូតតឺរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាត៕





