ចលនារំដោះស៊ូដង់ ឬហៅថាក្រុមកងទ័ព បាននិយាយកាលពីថ្ងៃចន្ទ (១ កញ្ញា) ថា មនុស្សលើសពី ១.០០០នាក់ ត្រូវបានសម្លាប់ ក្នុងគ្រោះបំណាក់ដីដ៏ធំដែលលេបត្របាក់ភូមិទាំងមូលមួយកន្លែងនៅតំបន់ភ្នំ Marra ភាគខាងលិចប្រទេសស៊ូដង់ ដោយបន្សល់ទុកអ្នករួចជីវិតតែម្នាក់គត់។ ក្រុមនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា បំណាក់ដីនោះកើតឡើងកាលពីថ្ងៃទី៣១ ខែសីហា កន្លងទៅ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។

ចលនា ដែលគ្រប់គ្រងទីតាំងជាច្រើននៅតំបន់ Darfur របស់ស៊ូដង់នេះ បានអំពាវនាវដល់អង្គការសហប្រជាជាតិ និងទីភ្នាក់ងារជំនួយអន្តរជាតិ ឱ្យជួយស្វែងរកសាកសពជនរងគ្រោះ ដែលរួមមានបុរស ស្ត្រី និងកុមារជាច្រើន ដោយនិយាយថា ភូមិមួយនោះឥឡូវត្រូវបានបំផ្លាញខ្ទេចខ្ទីទាំងស្រុងហើយ។

អ្នកស្រុករាប់ពាន់នាក់បានស្វែងរកទីជម្រកនៅក្នុងតំបន់ភ្នំ Marra នោះ ជាទីដែលពុំមានស្បៀងអាហារ និងឱសថគ្រប់គ្រាន់ឡើយ ដើម្បីតែភៀសខ្លួនចេញពីសង្រ្គាមដ៏ក្ដៅគគុករវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅក្នុងរដ្ឋ North Darfur។
សង្គ្រាមស៊ីវិលរយៈពេលពីរឆ្នាំមកនេះ បានធ្វើឱ្យប្រជាជនជាងពាក់កណ្តាលនៃចំនួនសរុបរាប់លាននាក់ ប្រឈមនឹងកម្រិតវិបត្តិនៃភាពអត់ឃ្លានមិនធ្លាប់មានពីមុនមក និងបានរុញច្រានមនុស្សរាប់លាននាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈរដ្ឋធានីនៃរដ្ឋ North Darfur គឺក្រុង Al-Fashir បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការបាញ់ប្រហារយ៉ាងខ្លាំងក្លា៕