ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌាបានផ្តល់ការកាត់បន្ថយការដំឡើងពន្ធលើទំនិញរបស់អាមេរិកដល់សូន្យ ខណៈនាយករដ្ឋមន្ត្រីឥណ្ឌា លោកNarendra Modi កំពុងបង្ហាញជាសាធារណៈនូវសាមគ្គីភាពជាមួយមេដឹកនាំចិន និងរុស្ស៊ី ក្នុងការប្រឈមទៅនឹងសម្ពាធពាណិជ្ជកម្មពីទីក្រុងវ៉ាស៊ីនតោន។

ខណៈចាត់ទុកទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយឥណ្ឌាថា «មានតែម្ខាង» លោក Trump បានសរសេរនៅលើវេទិកាសង្គម Truth Social របស់លោកថា «បច្ចុប្បន្ននេះ ពួកគេបានកាត់ការដំឡើងពន្ធទាំងស្រុងប៉ុន្តែវាយឺតពេលហើយ ពួកគេគួរតែធ្វើដូច្នេះជាច្រើនឆ្នាំមកហើយ» ។
ស្ថានទូតឥណ្ឌានៅក្នុងទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះការអត្ថាធិប្បាយរបស់លោក Trump ដែលធ្វើឡើងបន្ទាប់ពីការអនុវត្តពន្ធសរុបខ្ពស់ដល់៥០ភាគរយលើទំនិញរបស់ប្រទេសឥណ្ឌា ដែលបានចោទជាសំណួរអំពីអនាគតនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា។

ការលើកឡើងរបស់លោក Trump ធ្វើឡើងនៅពេលដែលលោក Modi នៅក្នុងប្រទេសចិនសម្រាប់កិច្ចប្រជុំកំពូលមេដឹកនាំនៃបណ្តាប្រទេសមិនមែនលោកខាងលិចនៃអង្គការសហប្រតិបត្តិការសៀងហៃមានចំនួនជាង២០ប្រទេស ជាគំនិតផ្តួចផ្តើមគាំទ្រដោយប្រទេសចិនដែលត្រូវបានផ្តល់កម្លាំងជំរុញជាថ្មីក្រោយទទួលរងដោយការដំឡើងពន្ធសកលរបស់លោក Trump ។
នៅក្នុងកិច្ចប្រជុំនេះ ប្រធានាធិបតីចិន លោក Xi Jinping បានសង្កត់លើចក្ខុវិស័យរបស់លោកសម្រាប់សន្តិសុខ និងសណ្តាប់ធ្នាប់សកលលោកថ្មី ដែលផ្តល់អាទិភាពដល់ «ប្រទេសអភិវឌ្ឍសកលខាងត្បូង» នៅក្នុងការប្រឈមដោយផ្ទាល់ចំពោះសហរដ្ឋអាមេរិក។