ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដែលធ្វើឡើងដោយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi Jinping) នៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។
លោកបានសរសេរនៅលើទំព័រ X របស់ខ្លួនថា៖«យើងគាំទ្រគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលបង្កើនឡើងដោយប្រធានាធិបតីចិនលោក ស៊ី ជីងពី នៅក្នុងកិច្ចប្រជុំកំពូលលើកទី ២៥ នៃអង្គការសហប្រតិបត្តិការសៀងហៃ»។ លោកបានបង្ហាញទំនុកចិត្តថា គំនិតផ្តួចផ្តើមនេះ «នឹងរួមចំណែកដល់ការកែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល ដើម្បីកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា»។

បច្ចុប្បន្នលោក Diaz-Canel កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមពីកន្លែងដែលលោក នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមការប្រារព្ធខួបលើកទី ៨០ នៃជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២។
ថ្លែងទៅកាន់ជំនួបកំពូល SCO កាលពីព្រឹកថ្ងៃចន្ទ ប្រធានាធិបតីចិន ស៊ី ជីនពីង បានដាក់ចេញនូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលចំនួន ៥ចំណុច ដែលសង្កត់ធ្ងន់លើតម្រូវការ ក្នុងការអនុលោមតាមច្បាប់អន្តរជាតិ ប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយម បដិសេធស្តង់ដាទ្វេ និងធានាឲ្យមានការចូលរួមស្មើភាពគ្នា ក្នុងអភិបាលកិច្ចសកលនៃប្រទេសទាំងអស់ ដោយមិនគិតពីទំហំ និងអំណាចរបស់ពួកគេ។ មេដឹកនាំចិនរូបនេះ បានអំពាវនាវឲ្យមានការរៀបចំផែនការជាប្រព័ន្ធ និងការអភិវឌ្ឍជឿនលឿន ដោយធានាឲ្យមានការសម្របសម្រួលជារួមនៃសកម្មភាពជាសកល ប្រើប្រាស់ធនធានរបស់ភាគីទាំងអស់ឲ្យបានពេញលេញ សម្រេចបានលទ្ធផលជាក់ស្តែងបន្ថែមទៀត និងជៀសវាងការពន្យារពេល និងការបែកបាក់ក្នុងអភិបាលកិច្ច តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង៕
