តបតាមការអញ្ជើញរបស់ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅព្រឹកថ្ងៃទី១ និងទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
នៅវេលាម៉ោង ១០.១៥ នាទី ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ណយ បៃ នៃទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសុវត្ថិភាពហើយ។ ក្នុងដំណើរអញ្ជើញដល់របស់សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុតពីសំណាក់ ឯកឧត្តម Mai Van Chinh សមាជិកមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តម Ngyuen Manh Cuong សមាជិកមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីការបរទេស, លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមរួមនឹងមន្ត្រីទូតកម្ពុជាប្រចាំវៀតណាមជាច្រើនរូបទៀត។
អ្នកនាំពាក្យពាក្យព្រឹទ្ធសភាកម្ពុជា ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងថា បន្ទាប់ពីអញ្ជើញដល់ប្រទេសវៀតណាមនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះសម្តេចតេជោ ហ៊ុន សែន បានជួបជាមួយថ្នាក់ដឹកនាំវៀតណាមចំនួនពីររូប រួមមាន ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម តូ ឡឹម អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម។
នៅក្នុងជំនួបនោះថ្នាក់ដឹកនាំកំពូលវៀតណាម បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមខួប៨០ឆ្នាំនៃបដិវត្តន៍ខែសីហា និងអបអរសាទរទិវាឯករាជ្យជាតិវៀតណាម។ ឯកឧត្តមបានចាត់ទុកដំណើររបស់សម្ដេចតេជោ និងគណៈប្រតិភូនៅពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំ ស្អិតរមួតរវាងកម្ពុជា និងវៀតណាម ដែលមាននាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ។
នៅក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវការអរគុណចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីភាគីវៀតណាមចំពោះសម្ដេច និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោបានចាត់ទុកបដិវត្តន៍ខែសីហា នាឆ្នាំ១៩៤៥ គឺជាផ្នែកមួយដ៏សំខាន់ និងមានអត្ថន័យសម្រាប់ប្រទេសវៀតណាម ហើយក៏កត្តានាំឲ្យមានចលនាតស៊ូប្រឆាំងអាណានិគមក្នុងការទាមទារឯករាជ្យនៅក្របខ័ណ្ឌតំបន់ និងពិភពលោក។ សម្ដេចតេជោ ក៏បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាមដែលមាននាពេលកន្លងមក និងពេលបច្ចុប្បន្ន ដែលប្រទេសទាំងពីរបានបង្ហាញនូវជំហរទំនាក់ទំនងដ៏រឹងមាំទាំងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ក្របខ័ណ្ឌនីតិប្រតិបត្តិ និងក្របខ័ណ្ឌគណបក្ស និងគណបក្ស ដែលមានការរីកចម្រើនជាបន្តបន្ទាប់។
ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម និងឯកឧត្តមអគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម បានអរគុណចំពោះសម្ដេចតេជោដែលបានមានប្រសាសន៍លើកឡើងត្រង់ទៅត្រង់មក។ ឯកឧត្តមក៏បានសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា ដោយឯកឧត្តមបានកត់សម្គាល់ឃើញថាកាលពីឆ្នាំ២០២៤ ឯកឧត្តមបានឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍន៍រីកចម្រើន ដែលកន្លងមកកម្ពុជាបានឆ្លងកាត់និងការលំបាកជាបន្តបន្ទាប់ តែពេលនេះកម្ពុជាបានផ្លាស់ប្ដូរ ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានមើលឃើញពីកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិកាន់តែមានភាពល្អប្រសើរ និងមានការទទួលស្គាល់គ្រប់មជ្ឈដ្ឋាននាពេលបច្ចុប្បន្ន។
តាមរយៈជំនួបនេះថ្នាក់ដឹកនាំកំពូលរបស់ប្រទេសវៀតណាម បានចាត់ទុកវត្តមានសម្ដេចតេជោគឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងល្អរវាងកម្ពុជា និងវៀតណាមដ៏រឹងមាំដែលមាននាពេលកន្លងមកដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តមលើកឡើងថា វៀតណាមបានផ្ដល់តម្លៃយ៉ាងខ្ពស់ ចំពោះទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម។
សម្ដេចតេជោបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងបក្សនៃប្រទេសទាំងពីរ ក្នុងឋានៈសម្ដេចតេជោ ជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយក្នុងឋានៈឯកឧត្តម តូ ឡឹម ជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ហើយសម្ដេចបានបង្ហាញនូវក្តីរីករាយដែលទំនាក់ទំនងទាំងក្នុងក្របខ័ណ្ឌរដ្ឋាភិបាលក៏មានភាពល្អប្រសើរ។ សម្ដេចតេជោបានបញ្ជាក់ផងដែរថា ស្នូលសំខាន់នោះ គឺក្របខ័ណ្ឌនៃទំនាក់ទំនងបក្សនៃប្រទេសទាំងពីរមានការរីកចម្រើន ហើយជំនួបកំពូលនៃមេដឹកនាំគណបក្សទាំងពីរកាលពីពេលកន្លងទៅគឺជាផ្នែកមួយដ៏សំខាន់ នៃការអនុវត្តទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពដ៏ប្រសើរ។
សម្តេចតេជោក៏បានមានប្រសាសន៍ពីការពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរជាពិសេសលើវិស័យ សេដ្ឋកិច្ច យោធា ពាណិជ្ជកម្ម ដែលប្រទេសទាំងពីរមានភាពរីកចម្រើននាពេលបច្ចុប្បន្ននេះ។ សម្ដេចបានបញ្ជាក់ថារយៈពេល៧ខែក្នុងឆ្នាំនេះ កម្ពុជាបាននាំចេញទំនិញមកកាន់ប្រទេសវៀតណាម ច្រើនជាងទំនិញវៀតណាមនាំមកកាន់កម្ពុជា ដែលក្នុងនោះកម្ពុជានាំទៅកាន់វៀតណាមគឺមានប្រមាណ៣,៨ពាន់លានដុល្លារ និងវៀតណាមនាំមកកាន់ប្រទេសកម្ពុជាគឺប្រមាណ៣,២ពានលានដុល្លារ ដែលការណ៍នេះ គឺជាការបំពេញឲ្យគ្នាទៅវិញទៅមក លើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលកម្ពុជាជាប្រទេសមាននូវវត្ថុធាតុដើម ហើយវៀតណាមជាប្រទេសកែច្នៃ។ ជាចុងក្រោយភាគីទាំងពីរបានសម្តែងនូវក្តីរីករាយ និងបន្តពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកចម្រើនតទៅមុខទៀត។
បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សារួចហើយនោះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយ ឯកឧត្តម To Lam ជូនចំពោះថ្នាក់ដឹកនាំ និងគណៈប្រតិភូគ្រប់បណ្តាប្រទេស ដែលអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង។
ឈានចូលដល់ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥, សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀត ណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) ដែលពិធីដ៏ធំនេះបានប្រារព្ធធ្វើនៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងពិធីដ៏មហោឡាឬកនេះក៏មានការបង្ហាញក្បួនព្យុហយាត្រា ទាំងស៊ីវិល និងយោធា ដែលមានកងកម្លាំងទ័ព និងកងកម្លាំងសន្តិសុខ សាធារណៈរបស់វៀតណាម ចូលរួមសរុបជិត ១៦,០០០នាក់។ ដោយឡែកកងទ័ពបរទេសចំនួន៣ប្រទេស ក៏បានចូលរួមផងដែរ ក្នុងនោះមាន កងទ័ពនៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ី,កងទ័ពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងកងយោធពលខេមរភូមិន្ទកម្ពុជា។
នៅក្នុងពីធីនេះក្រៅពីវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនទៀតក្នុងនោះរួមមាន ឯកឧត្តម ថងលូន ស៊ីសូលី ប្រធានរដ្ឋ ឡាវ និងជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តឡាវ និងឯកឧត្តម មីហ្គែល ឌីយែស ខានែល បឺមុដេហ្ស (Miguel Diaz-Canel Bermudez) ប្រធានាធិបតីនៃប្រទេសគុយបា និងឯកឧត្តមZhao Leji ប្រធានសភាប្រជាជនចិនផងដែរ។
នៅថ្ងៃទី២ ខែកញ្ញាដដែលនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមាននាយករដ្ឋមន្ត្រី ទីក្រុងហាណូយ។
បន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្រ្ដីវៀតណាម, នៅរសៀលថ្ងៃទី២ កញ្ញាដដែលនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាមត្រឡប់មកកាន់មាតុប្រទេសវិញ៕