ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (២ កញ្ញា) បានច្រានចោលរបាយការណ៍នានាលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលថាលោកមានសុខភាពមិនល្អ ដោយនិយាយថា លោកជាប់រវល់នៅថ្ងៃចុងសប្តាហ៍នៃទិវាពលកម្មរបស់សហរដ្ឋអាមេរិក ដោយជាប់ផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ និងដំណើរកម្សាន្តទៅលេងទីលានវាយកូនហ្គោលរដ្ឋ Virginia របស់លោក។

លោក Trump បានប្រាប់អ្នកយកព័ត៌មានក្នុងការិយាល័យ Oval Office ថា «លោកសកម្មខ្លាំងណាស់នៅចុងសប្តាហ៍» ដោយហៅពាក្យចចាមអារ៉ាមទាក់ទងនឹងបញ្ហាសុខភាពទាំងនោះថាជា «រឿងក្លែងក្លាយ»។ លោក Trump វ័យ ៧៩ឆ្នាំ បានក្លាយជាអ្នកនយោបាយចំណាស់ជាងគេ ដែលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក ចាប់តាំងពីខែមករា ឆ្នាំ២០២៥ នេះ។

ការជជែកវែកញែកពីបញ្ហាសុខភាពរបស់លោក Trump បានរីករាលដាលលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីចុងសប្តាហ៍ ជាមួយនឹងការបង្ហោះនានាដែលសម្អាងដល់កាលវិភាគសាធារណៈមិនសូវមមាញឹករបស់លោក Trump កាលពីចុងសប្តាហ៍មុន និងបទសម្ភាសន៍របស់សារព័ត៌មាន USA Today ជាមួយអនុប្រធានាធិបតីអាមេរិក JD Vance ដែលក៏ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនផងដែរ។
នៅមុនពេលការច្រានចោលនៅថ្ងៃអង្គារនេះ ការបង្ហាញខ្លួនចុងក្រោយបំផុតរបស់លោក Trump ជាមួយអ្នកសារព័ត៌មាន បានកើតឡើងក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីមួយសប្តាហ៍មុននោះ។ លោក Trump បានទទួលការពិនិត្យសុខភាពពេញមួយតួខ្លួននៅថ្ងៃទី១១ ខែមេសា ហើយលទ្ធផលផ្លូវការដែលចេញដោយសេតវិមានបង្ហាញថា លោកមានចង្វាក់បេះដូងធម្មតា ហើយពុំមានបញ្ហាសុខភាពអ្វីធំដុំទេ៕