នៅក្នុងការបង្ហាញសមត្ថភាពយោធាដ៏ធំ និងឥទ្ធិពលសកលកើនឡើង ចិនបានបង្ហាញយោធារបស់ខ្លួនអាចជាការដង្ហែរព្យុហយាត្រាយោធាធំបំផុតពុំធ្លាប់មាននាថ្ងៃពុធនេះ ។
ការដង្ហែរព្យុហយាត្រានៅទីក្រុងប៉េកាំង បានប្រារព្ធខួប ៨០ឆ្នាំនៃការបញ្ចប់សង្រ្គាមលោកលើកទី ២ ។ ទស្សនិកជនជាង ៥ម៉ឺននាក់នៅលើទីលានចតុរង្គ Tiananmen បានមើលការបង្ហាញលើអាកាស ការដង្ហែរក្បួនរបស់កងអនុសេនាតូចនៃកងទ័ពរំដោះប្រជាជនចិន ក៏ដូចជាគ្រឿងយុទ្ធោបករណ៍ជាច្រើនទៀត រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង យានដ្រូន និងរថក្រោះ ។
ចិនបានបង្ហាញផងដែរមីស៊ីលមានសមត្ថភាពនុយក្លេអ៊ែរដែលអាចបាញ់ចេញពីសមុទ្រ បាញ់ចេញពីលើគោក និងបាញ់ចេញពីលើអាកាស រួមគ្នាជាលើកដំបូង ។
ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua រាយការណ៍ថា មីស៊ីលទាំងនោះរួមមាន មីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ចេញពីលើអាកាស Jinglei-1 មីស៊ីលអន្តរទ្វីបបាញ់ចេញពីនាវាមុជទឹក Julang-3 មីស៊ីលអន្តរទ្វីបបាញ់ចេញពីលើគោក Dongfeng-61 និង Dongfeng-31 គឺជាអាវុធដែលជាកម្លាំងយុទ្ធសាស្រ្តដ៏ពូកែរបស់ចិន ក្នុងការការពារអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ប្រទេស ។
ពិធីដង្ហែរព្យុហយាត្រានេះដែរ ឃើញមានមីស៊ីលប្រឆាំងនាវាល្បឿនលឿនជាងសំឡេង ដែលកាលពីមុនចិនធ្លាប់បាញ់សាកល្បងប្រឆាំងនឹងសំណាកនាវាដឹកយន្តហោះចម្បាំងសហរដ្ឋអាមេរិក ។ មីស៊ីលទាំងនោះ រួមមានមីស៊ីល Yingji-19, Yingji-17 និងមីស៊ីល Yingji-20 ៕