ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (៣ កញ្ញា) បានលើកសរសើរព្យុហយាត្រាយោធានៅទីក្រុងប៉េកាំងថា ប្រទេសចិន បានប្រារព្ធ «ពិធីដ៏ស្រស់ស្អាត» ជាមួយនឹងក្បួនដង្ហែយោធាដ៏ធំបំផុតរបស់ខ្លួនក្នុងទិវាជ័យជម្នះនៃការបញ្ចប់សង្គ្រាមលោកលើកទីពីរ ហើយបាននិយាយថា ចិនក៏គួរតែគូសបញ្ជាក់ពីតួនាទីរបស់សហរដ្ឋអាមេរិក ក្នុងព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តនោះដែរ។

លោក Trump ប្រាប់អ្នកយកព័ត៌មាននៅការិយាល័យ Oval Office ថា «នោះជាពិធីដ៏ស្រស់ស្អាតមួយ និងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់» ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកបានរិះគន់លើប្រព័ន្ធផ្សព្វផ្សាយសង្គមថា កិច្ចប្រជុំមេដឹកនាំបរទេសនៅទីក្រុងប៉េកាំង ប្រហែលជាមានការឃុបឃិតប្រឆាំងនឹងអាមេរិក។
លោក Trump បន្តថា «លោកបានមើលសុន្ទរកថាកាលពីយប់មិញ ហើយថា ប្រធានាធិបតីចិន Xi Jinping គឺជាមិត្តរបស់លោក ប៉ុន្តែលោកគិតថា អាមេរិក គួរតែត្រូវបានគេរំលឹកឈ្មោះក្នុងអំឡុងពេលសុន្ទរកថានោះ ពីព្រោះទីក្រុងវ៉ាស៊ីនតោន បានជួយចិន ច្រើនណាស់នៅពេលនោះ»។
ប្រធានាធិបតីចិន លោក Xi Jinping បានប្រារព្ធខួបលើកទី៨០ នៃការបញ្ចប់សង្រ្គាមលោកលើកទីពីរ ជាមួយនឹងសាច់ដុំយោធាដ៏អង់អាច គ្រឿងយុទ្ធោបករណ៍ទំនើបៗ និងថ្នាក់ដឹកនាំអន្តរជាតិជាច្រើនរូប ដែលជាការបង្ហាញឥទ្ធិពលដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលលោក និងទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ចិន ជាមួយបណ្តាប្រទេសដែលមានជម្លោះជាមួយទីក្រុងវ៉ាស៊ីនតោន។ មន្ត្រីចិនម្នាក់បានប្រាប់ឱ្យដឹងថា លោក Xi បានថ្លែងអំណរគុណដល់ "រដ្ឋាភិបាលបរទេស និងមិត្តភក្តិអន្តរជាតិ ដែលបានគាំទ្រ និងជួយប្រជាជនចិន" ប៉ុន្តែលោកមិនបានលើកពីតួនាទីរបស់សហរដ្ឋអាមេរិកក្នុងសង្រ្គាមនោះទេ៕


