ព្រះសីហនុ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោកជំទាវ និងសមាគមពុទ្ធបរិស័ទ នៃព្រះវិហារ ឆុងតឺ រួមនឹងលោកឧកញ៉ា ឡាំ លី ប្រធានក្រុមហ៊ុនផលិតឱសថ មេឌីកូ ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ បានរួមគ្នានាំយកអំណោយ មកចែកជូនគ្រួសារក្រីក្រចំនួន ២២៥គ្រួសារ មកពីឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ពិធីនេះ ត្រូវបានរៀបចំធ្វើនៅមុខខ្លោងទ្វារប្រាសាទបារមីបន្ទាយទ័ព ខេត្តព្រះសីហនុ ដែលយកតាមរចនាបទ ខ្លោងទ្វារទន្លេអុំ ប្រាសាទអង្គរវត្តធំ កាលពីចុងសប្តាហ៏កន្លងទៅ ដោយមានការចូលរួមពីអាជ្ញាធរដែនដីផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាននាំយកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំង ទ្វេរតែងតែគិតគូពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយសម្តេចតែង តែណែនាំដល់មន្ត្រីទាំងអស់ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និថអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្ត ទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពោលគឺមិនត្រូវទុកឲ្យនរណាម្នាក់ជួបការលំបាកខ្វះខាតរហូតដល់ដាច់ពោះស្លាប់នោះទេ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបន្តថា ក្នុងគ្រាដ៏លំបាកនៃការដោះស្រាយបញ្ហាជម្ងឺកូវីដ១៩ និងគ្រោះធម្មជាតិនានា, រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំគ្រប់លទ្ធភាព និងកៀរគរធនធាន ដើម្បីជួយដោះស្រាយជីវភាពរស់នៅ និងថែរក្សាសុខភាពជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ ដោយធានាថាប្រជាពលរដ្ឋគ្រប់រូប មានសុវត្ថិភាពគ្រប់គ្រាន់ មានស្បៀងហូបគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ និងមានការថែទាំសុខភាពបានល្អគ្រប់ៗគ្នា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ និងជំងឺដង្កាត់ផ្សេងៗទៀត បើទោះបីជាស្ថានភាពនៃជម្ងឺកូវីដ១៩ មានការថមថយក៏ដោយ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ បីការពារ និថបីកុំ ឲ្យបានខ្ជាប់ខ្ជួន និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមខិតខំប្រកបរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលដាំដំណាំគ្រប់ប្រភេទ ដើម្បីបង្កើនជីវភាពរស់នៅក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលមិនទាន់ផុតរលត់នៅឡើយ៕