អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ (៣ កញ្ញា) បានជំរុញប្រទេសនានាទូទាំងសកលលោកឱ្យកំណត់ផែនការអាកាសធាតុថ្មីដែលមានមហិច្ឆតាជាងមុន ក្នុងអំឡុងខែកញ្ញានេះ ដោយស្វះស្វែងរកការដាក់សម្ពាធលើសេដ្ឋកិច្ចធំៗ រួមទាំងសហភាពអឺរ៉ុប និងប្រទេសចិន នៅមុនកិច្ចប្រជុំកំពូលអាកាសធាតុនៅឆ្នាំនេះរបស់អង្គការសហប្រជាជាតិ។
អង្គការសហប្រជាជាតិ បានស្នើឱ្យប្រទេសនានាដាក់ផែនការរបស់ពួកគេ ឈ្មោះថា ការប្ដេជ្ញាចិត្តរួមចំណែកជាតិ ឬ NDC ឱ្យបានក្នុងខែកញ្ញា ដើម្បីអោយកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ អាចត្រូវយកទៅវាយតម្លៃនៅមុនកិច្ចប្រជុំកំពូល COP30 ក្នុងខែវិច្ឆិកា ដ៏ឆាប់ខាងមុខ នៅក្នុងប្រទេសប្រេស៊ីល។
ប្រទេសភាគច្រើនមិនទាន់ធ្វើដូច្នេះទេ បើទោះបីជាបានយល់ព្រមថាបញ្ជូនផែនការរបស់ខ្លួននៅឆ្នាំនេះ ក្រោមកិច្ចព្រមព្រៀងប៉ារីសឆ្នាំ២០១៥ ក៏ដោយ។ ផែនការ NDC ដែលត្រូវបានធ្វើបច្ចុប្បន្នភាព គួរតែពិពណ៌នាពីវិធីសាស្រ្តដែលប្រទេសនីមួយៗមានគម្រោងកាត់បន្ថយការបំភាយឧស្ម័ននៅឆ្នាំ២០៣៥។
នៅក្នុងលិខិតផ្ញើទៅកាន់ប្រទេសជិត២០០ លោក Simon Stiell ប្រធានផ្នែកអាកាសធាតុរបស់អង្គការសហប្រជាជាតិបានពណ៌នាផែនការ NDC ថាជា "មូលដ្ឋានគ្រឹះនៃការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុពិភពលោក"៕