ក្រុមមន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធ (៣ កញ្ញា) ថា មនុស្សយ៉ាងហោចណាស់ ៦០នាក់ បានលង់ទឹកស្លាប់ និងរាប់សិបនាក់ត្រូវជួយសង្គ្រោះ បន្ទាប់ពីទូកដឹកអ្នកដំណើរជាង ១០០នាក់ បានក្រឡាប់លិចនៅក្នុងរដ្ឋ Niger ភាគខាងជើងភាគកណ្តាលនៃប្រទេសនីហ្សេរីយ៉ា។
ទូកនេះបានចាកចេញពីតំបន់ Tungan Sule ក្នុងស្រុក Malale នៅព្រឹកថ្ងៃអង្គារ ដោយឆ្ពោះទៅកាន់ទីក្រុង Dugga សម្រាប់ដំណើរទៅចូលរួមរំលែកទុក្ខមួយ ប៉ុន្តែក៏បានបុកគល់ឈើដែលលិចនៅក្រោមទឹក ជិតសហគមន៍ Gausawa ក្នុងតំបន់រដ្ឋាភិបាល Borgu។

លោក Abdullahi Baba Ara ប្រធានតំបន់រដ្ឋាភិបាលក្នុងតំបន់ Borgu បាននិយាយថា តួលេខអ្នកស្លាប់ និងរបួសកំពុងកើនឡើងថែមទៀត ហើយមនុស្ស ១០នាក់ ត្រូវជួយសង្រ្គោះបានក្នុងស្ថានភាពធ្ងន់ធ្ងរ ចំណែកមនុស្សជាច្រើននៅតែបាត់ខ្លួននៅឡើយ បន្ទាប់ពីហេតុការណ៍បានកើតឡើងនៅវេលាម៉ោងក្នុងស្រុក ១១ព្រឹកថ្ងៃអង្គារ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរដ្ឋ Niger និយាយថា បុគ្គលិកសង្គ្រោះបន្ទាន់ និងអ្នកមុជទឹកក្នុងតំបន់ កំពុងស្វែងរកជនរងគ្រោះ។ គ្រោះថ្នាក់លិចទូកបែបនេះគឺកើតមានជាញឹកញាប់ណាស់នៅក្នុងប្រទេសនីហ្សេរីយ៉ា ជាពិសេសក្នុងរដូវភ្លៀងធ្លាក់ ដោយសារការត្រួតពិនិត្យសុវត្ថិភាពធូរលុង ការដាក់លើសចំណុះ និងការប្រើប្រាស់ទូកចាស់ៗដែលថែទាំមិនបានល្អ៕
