រដ្ឋាភិបាលប្រទេសស៊ូដង់ បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថាខ្លួនបានប្រើប្រាស់អាវុធគីមីនៅក្នុងរដ្ឋធានី Khartoum ដោយនិយាយថាគ្មានភស្តុតាងនៃការបំពុលដោយសារធាតុគីមី ឬវិទ្យុសកម្ម នោះទេ។
នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះ ក្រសួងសុខាភិបាលសហព័ន្ធ បាននិយាយថា ការធ្វើតេស្ត របាយការណ៍វេជ្ជសាស្រ្ត និងទិន្នន័យតាមដាន ពុំបានបង្ហាញពីសញ្ញានៃសារធាតុពុលនោះទេ។ ក្រសួងបាននិយាយនៅក្នុងរបាយការណ៍លម្អិតមួយថា «គ្មានភស្តុតាងនៃការបំពុលដោយគីមី ឬវិទ្យុសកម្មនៅក្នុងរដ្ឋ Khartoum ទេ។

ក្រសួងបាននិយាយថា ពុំមានអ្នកស្លាប់ឬអ្នកធ្លាក់ខ្លួនឈឺដែលខុសពីប្រក្រតី ឬមានរោគញ្ញានៃការពុលត្រូវបានកត់ត្រាឡើយ ហើយរបាយការណ៍ធ្វើកោសល្យវិច្ច័យមិនបានកំណត់ពីមូលហេតុនៃការស្លាប់ដែលខុសពីប្រក្រតីណាមួយឡើយ។ កម្រិតវិទ្យុសកម្មគឺធម្មតា គ្មានសារធាតុវិទ្យុសកម្មបានសាយភាយចេញឡើយ ហើយគ្មានគ្រាប់បែកឬសំណល់គួរឲ្យសង្ស័យត្រូវបានរកឃើញទេ។
សហរដ្ឋអាមេរិកកាលពីខែមិថុនា បានដាក់ទណ្ឌកម្មលើប្រទេសស៊ូដង់ដោយចោទប្រកាន់ថាប្រទេសនេះ បានប្រើប្រាស់អាវុធគីមីក្នុងឆ្នាំ២០២៤។ ទីក្រុង Khartoum បានច្រានចោលការចោទប្រកាន់នៅពេលនោះថាជា «ការគំរាមកំហែងផ្នែកនយោបាយ» និងជាការបំភ្លៃការពិត។
