ប្រមុខអង្គការណាតូ (NATO) លោក Mark Rutte នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែកញ្ញា) នេះ បាននិយាយថា រុស្ស៊ីមិនមានសិទ្ធិវេតូនោះឡើយ ជុំវិញថា តើមហាអំណាចលោកខាងលិច អាចដាក់ពង្រាយកងទ័ព នៅប្រទេសអ៊ុយក្រែន ឬអត់ ដែលជាផ្នែកមួយនៃការធានាសន្តិសុខ ប្រសិនបើបទឈប់បាញ់ត្រូវបានឈានដល់។
លោក Rutte បានបញ្ជាក់ថា៖ «ហេតុអ្វីបានជាយើងចាប់អារម្មណ៍លើអ្វីដែលរុស្ស៊ីគិត អំពីកងទ័ព នៅអ៊ុយក្រែន? នេះគឺជាប្រទេសមានអធិបតេយ្យភាព។ វាមិនមែនជាអ្វីដែលពួកគេត្រូវសម្រេចនោះឡើយ។ រុស្ស៊ីមិនពាក់ព័ន្ធនឹងរឿងនេះទេ»។
បណ្ដាមេដឹកនាំមកពីក្រុម ដែលគេហៅថា សម្ព័ន្ធឆន្ទៈដឹកនាំដោយបារាំង និងអង់គ្លេស កំពុងជួបពិភាក្សាគ្នា នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពង្រឹងការរួមចំណែកដល់ការធានាសន្តិសុខដែលបានគ្រោងទុក។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Prague ប្រទេសឆេក លោក Rutte បាននិយាយថា៖ «ប្រសិនបើអ៊ុយក្រែនចង់មានកងកម្លាំងធានាសន្តិសុខ នៅក្នុងអ៊ុយក្រែន ដើម្បីគាំទ្រកិច្ចព្រមព្រៀងសន្តិភាព វាអាស្រ័យលើពួកគេ»។ ដោយសំដៅទៅប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រមុខអង្គការណាតូបានបន្ថែមថា៖ «ខ្ញុំគិតថា យើងពិតជាត្រូវបញ្ឈប់ការមានឥទ្ធិពលខ្លាំងពេករបស់លោក Putin»។
គួរបញ្ជាក់ថា រុស្ស៊ីបានបញ្ជាក់ថា ខ្លួននៅតែប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការដាក់ពង្រាយកងទ័ពលោកខាងលិចណាមួយ នៅក្នុងប្រទេសអ៊ុយក្រែន ជាផ្នែកនៃដំណោះស្រាយសន្តិភាពដែលអាចកើតមាន៕