លោកប្រធានាធិបតីអាមេរិក Donald Trump កាលថ្ងៃព្រហស្បតិ៍ (៤ កញ្ញា) បានចេញការព្រមានមួយនៅមុនកម្មវិធីអាហារពេលល្ងាចជាមួយនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅសេតវិមានថា រដ្ឋបាលរបស់លោកនឹងដំឡើងពន្ធលើការនាំចូលផលិតផលបន្ទះឈីបពាក់កណ្ដាលចម្លង ពីក្រុមហ៊ុនទាំងឡាយណាដែលមិនផ្លាស់ប្តូរផលិតកម្មរបស់ពួកគេទៅកាន់ទឹកដីសហរដ្ឋអាមេរិក។

ចាប់តាំងពីការវិលត្រឡប់មកកាន់តំណែងក្នុងខែមករា ការគំរាមកំហែងពន្ធរបស់លោក Trump បានធ្វើឱ្យដៃគូពាណិជ្ជកម្មភ័យព្រួយ ជំរុញឱ្យមានការប្រែប្រួលក្នុងទីផ្សារហិរញ្ញវត្ថុសកល និងបង្កភាពមិនច្បាស់លាស់ដល់សេដ្ឋកិច្ចពិភពលោក។

លោក Trump បាននិយាយថា៖ "ទាក់ទងនឹងបន្ទះឈីប និងផលិតផលឈីបពាក់កណ្ដាលចម្លង- អាមេរិកនឹងដាក់ពន្ធលើក្រុមហ៊ុនណាដែលមិនចូលទៅផលិតនៅក្នុងសហរដ្ឋអាមេរិក ហើយពន្ធនឹងកើតមានក្នុងពេលឆាប់ៗនេះ" ដោយមិនបានផ្តល់ពេលវេលា ឬអត្រាជាក់លាក់ឡើយ។
គួររម្លឹកថា កាលពីខែមុន លោក Trump បានគំរាមថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធប្រហែល ១០០% លើការនាំចូលបន្ទះឈីបពាក់កណ្ដាលចម្លង ប៉ុន្តែនឹងមិនអនុវត្តចំពោះក្រុមហ៊ុនណាដែលផលិតនៅអាមេរិក ឬអ្នកដែលបានប្តេជ្ញាធ្វើដូច្នេះនោះទេ។ លោក Trump បានធ្វើឱ្យពន្ធគយក្លាយជាសសរស្តម្ភនៃគោលនយោបាយការបរទេសរបស់ទីក្រុងវ៉ាស៊ីនតោន ដោយប្រើប្រាស់ពន្ធដើម្បីដាក់សម្ពាធនយោបាយ និងចរចាឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ហើយទាញយកសម្បទានពីប្រទេស និងក្រុមហ៊ុនទាំងឡាយ ដែលនាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិក៕