និស្សិតរាប់រយនាក់ក្នុងរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍៤ កញ្ញា បានចេញតវ៉ានៅមុខអគាររដ្ឋសភា ដោយទាមទារឱ្យមានចំណាត់ការជាក់ស្តែងពីរដ្ឋាភិបាលប្រឆាំងនឹងផលប្រយោជន៍របស់សមាជិកសភា និងអំពើឃោរឃៅរបស់កងកម្លាំងនគរបាល។
និស្សិតបានសម្តែងការមិនពេញចិត្តចំពោះសកម្មភាពរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះ ដោយទាមទារឱ្យមានជំហានជាក់ស្តែង និងការសន្ទនាប្រកបដោយអត្ថន័យ។

ទោះបីជាជួបជាមួយសមាជិកសភាក៏ដោយ ក៏ក្រុមអ្នកតវ៉ាមានអារម្មណ៍ថា កង្វល់របស់ពួកគេមិនត្រូវបានដោះស្រាយឱ្យបានគ្រប់គ្រាន់នោះទេ។
ការតវ៉ាដែលបានចាប់ផ្តើមនៅក្នុងទីក្រុងហ្សាកាតា កាលពីសប្តាហ៍មុនបានធ្វើឱ្យកក្រើកដល់លទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតទីបីរបស់ពិភពលោក ដោយបាតុកម្មបានរីករាលដាលទូទាំងប្រទេស បន្ទាប់ពីរថយន្តរបស់នគរបាលបានបុកអ្នករត់ម៉ូតូឌុបម្នាក់ស្លាប់ កាលពីយប់ថ្ងៃព្រហស្បតិ៍ ២៨ សីហា។

ក្រុមសិទ្ធិមនុស្សបាននិយាយថាចាប់តាំងពីពេលនោះមក មនុស្ស១០នាក់បានស្លាប់ក្នុងការតវ៉ាដែលបានបង្កឱ្យមានការលួចយកទ្រព្យសម្បត្តិ និងកុបកម្មមួយចំនួនផងដែរ។
យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានឲ្យដឹងថា មនុស្សជាង ៣ ពាន់នាក់ត្រូវបានឃុំខ្លួនក្នុងការបង្រ្កាបការតវ៉ាទូទាំងប្រទេស។ ក្រុមនេះបានបន្ថែមថា មនុស្ស១០នាក់បានស្លាប់ និងជាង១.០០០នាក់ បានរងរបួសនៅក្នុងឧបទ្ទវហេតុនៃកុបកម្ម និងការលួច៕