ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ដើម្បីអនុវត្តការបន្ទាបពន្ធលើការនាំចូលរថយន្តរបស់ប្រទេសជប៉ុន និងផលិតផលផ្សេងទៀតដែលត្រូវបានប្រកាសកាលពីខែកក្កដា។ ការបន្ទាបពន្ធលើរថយន្តត្រូវបានកំណត់ឱ្យចូលជាធរមានរយៈពេល៧ថ្ងៃបន្ទាប់ពីការចេញផ្សាយក្រឹត្យ។ ការបន្ធូរបន្ថយការដំឡើងពន្ធមួយចំនួនបានចូលជាធរមានកាលពីថ្ងៃទី៧ ខែសីហា។
ប្រភពពីរដ្ឋាភិបាលជប៉ុនបាននិយាយថា ក្រឹត្យរបស់លោក Trump មានន័យថា ជាអត្រាដំឡើងពន្ធរបស់សហរដ្ឋអាមេរិកដែលត្រូវបានកាត់បន្ថយលើរថយន្តជប៉ុនពី២៧,៥ភាគរយមកនៅត្រឹម១៥ភាគរយ ដែលនឹងកំណត់ចូលជាធរមាននៅចុងខែនេះ ។

ពន្ធរបស់លោក Trump លើការដឹកជញ្ជូនជាសាកលដែលបានចាប់ផ្តើមកាលពីខែសីហា បានធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តជប៉ុនយ៉ាងខ្លាំង។ កាលពីខែមុន ក្រុមហ៊ុន Toyota បាននិយាយថា ក្រុមហ៊ុនរំពឹងថានឹងទទួលរងជិត១០ពាន់លានដុល្លារពីការដំឡើងពន្ធរបស់លោក Trump លើរថយន្តដែលនាំចូលទៅកាន់សហរដ្ឋអាមេរិក។ ក្រឹត្យរបស់លោក Trump និយាយថា ប្រទេសជប៉ុនកំពុងធ្វើការឆ្ពោះទៅរកការអនុវត្តដ៏ឆាប់រហ័សនៃការកើនឡើង៧៥ភាគរយនៃការផ្គត់ផ្គង់អង្កររបស់សហរដ្ឋអាមេរិក និងការទិញទំនិញកសិកម្មរបស់សហរដ្ឋអាមេរិក រួមមានពោត សណ្តែកសៀង ជី ជីវអេតាណុល (រួមទាំងប្រេងឥន្ធនៈផ្នែកអាកាសចរណ៍ប្រកបដោយនិរន្តរភាព) និងផលិតផលរបស់សហរដ្ឋអាមេរិកផ្សេងទៀតសរុបជាទឹកប្រាក់ចំនួន៨ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ក្រឹត្យនេះបញ្ជាក់ផងដែរថា រដ្ឋាភិបាលជប៉ុនបានព្រមព្រៀងវិនិយោគ៥៥០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិកក្នុងគម្រោងដែលនឹងត្រូវបានជ្រើសរើសដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក៕
