លោកប្រធានាធិបតី Trump បានចូលរួមការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងក្រុមមេដឹកនាំពិភពលោកក្នុងអំឡុងលោកបានជំរុញឱ្យអឺរ៉ុបបញ្ឈប់ការទិញប្រេងពីរុស្ស៊ីជាមធ្យោបាយកាត់បន្ថយសង្រ្គាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។

លោកប្រធានាធិបតីបារាំង Emmanuel Macron និងលោកZelensky បានជួបគ្នានៅប្រទេសបារាំង ខណៈមេដឹកនាំប្រហែល២០ រូបផ្សេងទៀតបានចូលរួមក្នុងកិច្ចប្រជុំនេះ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនដែលបានផ្ទុះឡើងចាប់តាំងពីកងកម្លាំងរុស្ស៊ីបានចូលវាយលុកកាលពីខែកុម្ភៈឆ្នាំ២០២២ ។
មន្ត្រីសេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតី Trump បានសង្កត់ធ្ងន់ថាអឺរ៉ុបត្រូវតែបញ្ឈប់ការទិញប្រេងពីរុស្ស៊ីដែលផ្តល់មូលនិធិដល់សង្រ្គាម ខណៈរុស្ស៊ីបានទទួល ១,១ ពាន់លានអឺរ៉ូ ឬ ១,២៨ ពាន់លានដុល្លារអាមេរិក ក្នុងការលក់ប្រេង ពីសហភាពអឺរ៉ុបក្នុង មួយឆ្នាំ ។
ជំនួបតាមទូរស័ព្ទនេះ បានកើតឡើង ស្របពេលគ្មានវឌ្ឍនភាពលើកិច្ចខិតខំប្រឹងប្រែងរបស់លោក Trump និងអ្នកផ្សេងទៀតដើម្បីបញ្ចប់សង្រ្គាម។ ប្រធានាធិបតី បានព្យាយាមរៀបចំជំនួបរវាងលោក Zelensky និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប៉ុន្តែមានការរីកចម្រើនតិចតួចក្នុងការនាំមេដឹកនាំទាំងពីរជួបគ្នា៕

