មន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៤ កញ្ញា) ថា ប្រជាជនប៉ាឡេស្ទីនជាង ៦៤.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមដ៏បង្ហូរឈាមជិតពីរឆ្នាំនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ខណៈក្រុមហាម៉ាស់ និងអ៊ីស្រាអែល បានរំលឹកឡើងវិញនូវការទាមទារខ្វែងគំនិតគ្នារបស់ពួកគេ សម្រាប់ការបញ្ចប់ជម្លោះ ដែលបញ្ឆេះឡើងដោយការវាយប្រហារឆ្នាំ២០២៣ របស់ក្រុមសកម្មប្រយុទ្ធមួយនេះ។

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សរាប់សិបនាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ នៅថ្ងៃព្រហស្បតិ៍ នេះបើយោងតាមមន្ទីរពេទ្យ ខណៈអ៊ីស្រាអែល បានជំរុញការវាយលុករបស់ខ្លួននៅទីក្រុងហ្កាហ្សា ដែលរងគ្រោះដោយទុរ្ភិក្ស។
ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា បាននិយាយថា គិតត្រឹមថ្ងៃទី៤ កញ្ញា មានជនជាតិប៉ាឡេស្ទីនចំនួន ៦៤.២៣១នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីសង្គ្រាមចាប់ផ្តើមមក ដោយបច្ចុប្បន្នភាពចុងក្រោយបំផុតរួមមានមនុស្សប្រហែល ៤០០នាក់ ដែលដំបូងឡើយត្រូវសន្មត់ថាបាត់ខ្លួន ប៉ុន្តែក្រោយមក ត្រូវបញ្ជាក់ថាបានស្លាប់នៅក្រោមគំនរបាក់បែក។
ទន្ទឹមនឹងនេះ សង្រ្គាមហ្កាហ្សា ហាក់គ្មានសញ្ញាបញ្ចប់នោះទេ ដោយពុំមានការរីកចម្រើនដែលអាចមើលឃើញនៅក្នុងកិច្ចប្រឹងប្រែងបទឈប់បាញ់ឡើយ។ ក្រុមហាម៉ាស អះអាងថាខ្លួនបើកចំហធ្វើកិច្ចព្រមព្រៀង ប៉ុន្តែអ៊ីស្រាអែល ច្រានចោលថានេះជា "កលល្បិច" ប៉ុណ្ណោះ ហើយប្ដេជ្ញាបន្តសង្រ្គាមរហូតដល់ចំណាប់ថ្នូរទាំងអស់ត្រឡប់មកវិញ ក្រុមហាម៉ាសត្រូវរំសាយអាវុធ ហើយអ៊ីស្រាអែលមានការគ្រប់គ្រងសន្តិសុខពេញលេញលើទឹកដីនេះ ក្នុងចំណោមគោលបំណងផ្សេងទៀត៕

