របាយការណ៍របស់អង្គការឧតុនិយមពិភពលោក (WMO) ដែលជាស្ថាប័នអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងនៅថ្ងៃសុក្រ (៥ កញ្ញា) នេះថា ចំហេះព្រៃទំនងជាបង្កើនភាពញឹកញាប់ដោយសារតែបម្រែបម្រួលអាកាសធាតុ ហើយផ្សែងពីចំហេះទាំងនោះ បានរួមចំណែកយ៉ាងសំខាន់ដល់ការបំពុលខ្យល់កាន់តែគ្រោះថ្នាក់កាលពីឆ្នាំមុន ហើយនៅឆ្នាំ២០២៥ នេះក៏ហាក់មិនធូរស្បើយដែរ។
អង្គការសុខភាពពិភពលោក WHO បាននិយាយថា ការបំពុលបរិយាកាសខាងក្រៅ បណ្តាលឱ្យមនុស្ស ៤,៥លាននាក់ ស្លាប់មុនអាយុក្នុងពេលមួយឆ្នាំ ហើយរបាយការណ៍ WMO សម្រាប់ឆ្នាំ២០២៤ បានចង្អុលបង្ហាញថា ចំណុចបំពុលខ្យល់ខ្លាំងកើតនៅកន្លែងដែលមានចំហេះព្រៃរីករាលដាលដូចជា អាងទន្លេអាម៉ាហ្សូនដ៏ធំ កាណាដា ស៊ីបេរី និងអាហ្វ្រិកកណ្តាលជាដើម។
ដោយសារការឡើងកម្ដៅផែនដីបានផ្លាស់ប្តូរលំនាំអាកាសធាតុ ចំហេះព្រៃកើតឡើងកាន់តែញឹកញាប់និងទូលំទូលាយនៅជុំវិញពិភពលោក ជាការបន្ថែមភាគល្អិតបំពុលទៅក្នុងខ្យល់ ដែលក៏ផលិតបានដោយការដុតធ្យូងថ្ម ប្រេង ឧស្ម័ន និងឈើផងដែរ រួមទាំងការដឹកជញ្ជូន និងកសិកម្ម។
WMO បាននិយាយក្នុងសេចក្តីថ្លែងការណ៍៖ "ចំហេះព្រៃជាការរួមចំណែកដ៏ធំដល់ភាគល្អិតបំពុលបរិយាកាស ហើយបញ្ហានេះត្រូវរំពឹងថានឹងកើនឡើងនៅពេលអាកាសធាតុឡើងកម្ដៅ ដែលបង្កហានិភ័យកាន់តែខ្លាំងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ី និងសុខភាពមនុស្សលោក"។
ទោះជារបាយការណ៍ WMO នេះគ្របដណ្ដប់លើឆ្នាំ២០២៤ក៏ដោយ ស្ថាប័នអាកាសធាតុសកលមួយនេះសង្កត់ធ្ងន់ថា ចំហេះព្រៃក្នុងតួលេខដ៏កំណត់ត្រានៅឆ្នាំ២០២៥នេះរបស់អឺរ៉ុបខាងត្បូង ក៏បានរួមចំណែកដល់ការបំពុលបរិយាកាសនៅទូទាំងទ្វីបនេះ៕