វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់បារាំង Alize Cornet បានបន្តទំរង់លេងដ៏អស្ចារ្យរបស់ខ្លួននៅព្រឹត្តិការណ៍ Grand Slam, Australian Open បន្ទាប់ពីយកឈ្នះអតីតកីឡាការិនីលេខ ១ ពិភពលោក Simona Halep ឡើងវគ្គ ៨នាក់ចុងក្រោយជាលើកដំបូងក្នុងអាជីព។ Alize Cornet ចាប់ផ្តើមសិតដំបូងយកឈ្នះ ៦-៤ មុនពេលដែលកីឡាការិនីរ៉ូម៉ានី Simona Halep តាមស្មើវិញនៅសិតទីពីរ ៦-៣។

យ៉ាងណាក្តីកីឡាការិនីវ័យ ៣២ឆ្នាំ Alize Cornet បានយកឈ្នះនៅសិតកាត់សេចក្តី ៦-៤ ដើម្បីឈានឡើងវគ្គ ៨នាក់ចុងក្រោយ Grand Slam ជាលើកដំបូងការបង្ហាញខ្លួន ៦៣លើក។ ជុំបន្ត Cornet នឹងត្រូវជួបជាមួយកីឡាការិនីអាមេរិក Danielle Rose Collins ដែលបានយកឈ្នះកីឡាការិនីប៊ែលហ្ស៊ិក Elise Mertens។ ក៏ជាលើកដំបូងដែរសំរាប់ Collins ក្នុងការឈានឡើងវគ្គ ៨នាក់ចុងក្រោយ Grand Slam បន្ទាប់ពីវាយបកយកឈ្នះ ៤-៦, ៦-៤ និង ៦-៤។ ដោយឡែកលទ្ធផលផ្សេងទៀតកីឡាការិនីប៉ូឡូញ Iga Swiatek ដែលធ្លាប់ឈ្នះជើងឯក French Open កាលពីឆ្នាំ២០១៩ នោះក៏បានកក់កៅអីនៅវគ្គ ៨នាក់ដែរក្រោយយកឈ្នះកីឡាការិនីរ៉ូម៉ានី Sorana Cirstea ៥-៧, ៦-៣ និង ៦-៣។ Swiatek នឹងបង្ហាញមុខនៅវគ្គ ៨នាក់ចុងក្រោយ Grand Slam ជាលើកទី៣ ក្នុងចំណោម ១២ព្រឹត្តិការណ៍ដែលបានចូលរួម៕
អត្ថបទ៖នាង សុភាវុធ