នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បាននិយាយថា លោកកោតសរសើរការវាយតម្លៃជាវិជ្ជមានរបស់ប្រធានាធិបតីអាមេរិក Donald Trump ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកបានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«សូមកោតសរសើរយ៉ាងជ្រាលជ្រៅ និងឆ្លើយតបយ៉ាងពេញលេញចំពោះទស្សនវិស័យរបស់លោកប្រធានាធិបតី Trump និងការវាយតម្លៃជាវិជ្ជមានអំពីទំនាក់ទំនងរបស់យើង។

នាពេលមុននេះ អ្នកសារព័ត៌មានបានស្នើឲ្យលោក Trump ធ្វើអត្ថាធិប្បាយលើការបង្ហោះវេទីកាផ្សព្វផ្សាយសង្គម Truth Social របស់លោក ដោយនិយាយថា សហរដ្ឋអាមេរិក បាន «បាត់បង់» រុស្ស៊ី និងឥណ្ឌាទៅប្រទេសចិនហើយ។ មេដឹកនាំអាមេរិករូបនេះ បានចង្អុលបង្ហាញថា លោកនឹងជាមិត្តនឹងលោក Modi ជានិច្ច។ លោក Trump បានបន្ថែមថា «ឥណ្ឌា និងសហរដ្ឋអាមេរិកមានទំនាក់ទំនងយ៉ាងពិសេស»។
កាលពីថ្ងៃទី ០៦ ខែសីហា សហរដ្ឋអាមេរិក បានដំឡើងពន្ធលើទំនិញឥណ្ឌាពី ២៥% ទៅ ៥០% ដោយលើកឡើងពីការទិញប្រេង និងផលិតផលប្រេងរបស់រុស្ស៊ីពីទីក្រុង New Delhi ។ លោក Trump បានរិះគន់ប្រទេសអាស៊ីខាងត្បូង ដែលតែងតែទិញឧបករណ៍ការពារភាគច្រើនពីរុស្ស៊ី និងជាអ្នកទិញថាមពលរុស្ស៊ីដ៏ធំបំផុត រួមជាមួយប្រទេសចិន។ ក្រសួងការបរទេសឥណ្ឌា បានប្រឆាំងនឹងការរិះគន់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជុំវិញការនាំចូលប្រេងពីរុស្ស៊ីថា មិនសមហេតុផល៕
