កម្មករយ៉ាងហោច ៦នាក់ បានស្លាប់ ក្រោយកន្រ្តកដឹកពួកគេបានធ្លាក់ ដោយសារដាច់ខ្សែកាប នៅរដ្ឋភាគពាយ័ព្យ Gujarat ប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍ ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលរដ្ឋសហព័ន្ធ Gujarat លោក Rushikesh Patel និយាយថា គណៈកម្មាធិការស៊ើបអង្កេត ត្រូវបានបង្កើតឡើង ដើម្បីពិនិត្យមើលបញ្ហានេះ ហើយនិងដាក់របាយការណ៍បឋមជូនដល់រដ្ឋាភិបាល ។

លោក Patel និយាយថា ជិតបង្គោលខ្សែកាបលេខ ១ កម្មករ ៦នាក់ បានស្ថិតនៅក្នុងកន្រ្តក ។ ហេតុផលពិតប្រាកដ ពុំត្រូវបានដឹងនោះទេ ប៉ុន្តែយោងតាមព័ត៌មានបឋម បានឲ្យដឹងថា កន្រ្តកទាំងមូល បានធ្លាក់ចុះដោយសារដាច់ខ្សែកាប ។
លោកបន្តថា កម្មករ ៦នាក់ដែលជិះកន្រ្តកខ្សែកាបនេះ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយសាកសពពួកគេទាំងអស់ ត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច័យផងដែរ ៕
