កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារយានដ្រូន និងមីស៊ីលក្នុងទ្រង់ទ្រាយធំ ស្រោចលើរដ្ឋធានីអ៊ុយក្រែន នៅថ្ងៃអាទិត្យ (៧ កញ្ញា) នេះ ដែលបានសម្លាប់មនុស្សយ៉ាងតិច ៣នាក់ របួសជាង ១០នាក់ និងបានវាយត្រូវអគាររដ្ឋាភិបាលដ៏សំខាន់មួយ ខណៈផ្សែងខ្មួលខ្មាញ់ហុយចេញពីដំបូលអគារគណៈរដ្ឋមន្ត្រីគីវ នៅក្នុងការវាយប្រហារបែបនេះជាលើកដំបូងបំផុត។
កងទ័ពអាកាសអ៊ុយក្រែននិយាយថា រុស្ស៊ីបាញ់ដ្រូន ៨០៥គ្រឿង និងមីស៊ីល ១៣គ្រាប់ក្នុ ងការវាយប្រហារពេញមួយយប់របស់ខ្លួន ហើយក្នុងចំណោមនោះ សព្វាវុធ ៧៥១គ្រឿង ត្រូវបានបាញ់ទម្លាក់។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Yulia Svyrydenko បាននិយាយថា "ការវាយប្រហាររបស់សត្រូវ" បានធ្វើឱ្យខូចខាតអគារសំខាន់របស់រដ្ឋាភិបាលអ៊ុយក្រែន ហើយក្រុមពន្លត់អគ្គិភ័យកំពុងធ្វើការដើម្បីពន្លត់ភ្លើងនៅអគាររដ្ឋាភិបាល។

គួរឱ្យដឹងថា រហូតមកដល់ពេលនេះ រុស្ស៊ីតែងបញ្ចៀស មិនវាយលុកលើអគាររដ្ឋាភិបាលនៅកណ្តាលទីក្រុងគីវទេ។ អគារនេះមានគណៈរដ្ឋមន្ត្រីអ៊ុយក្រែន រួមទាំងការិយាល័យរដ្ឋមន្ត្រីសំខាន់ៗផងដែរ។ នេះក៏ជារឿងកម្រណាស់ដែរ ដែលមីស៊ីល និងដ្រូនរុស្ស៊ី អាចវាយចំកណ្តាលក្រុងបែបនេះ ដោយសារតែការប្រមូលផ្តុំនៃកម្លាំងការពារដែនអាកាសក្នុងតំបន់នោះ។
មន្ត្រីអ៊ុយក្រែនរាយការណ៍ថា មនុស្សយ៉ាងតិច ៣នាក់បានស្លាប់ និង ១៨នាក់ របួសក្នុងការវាយប្រហារ។ លោក Tymur Tkachenko ប្រធានរដ្ឋបាលទីក្រុងគីវនិយាយថា ក្នុងចំណោមអ្នកស្លាប់មានកុមារអាយុ ១ខួប ដែលសាកសពត្រូវយកចេញពីគំនរបាក់បែក។ កម្ទេចកម្ទីយានដ្រូនរបស់រុស្ស៊ី ក៏ធ្លាក់ត្រូវអគារលំនៅដ្ឋានកម្ពស់ ៩ជាន់ នៅក្នុងស្រុក Sviatoshynskyi នៃទីក្រុងគីវ និងអគារលំនៅដ្ឋានកម្ពស់ ៤ជាន់ នៅក្នុងស្រុក Darnytskyi នេះបើយោងតាមអភិបាលក្រុង៕



