អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi បានប្រកាសនៅថ្ងៃចន្ទ (៨ កញ្ញា) នេះថា លោកនឹងឈរឈ្មោះក្នុងការប្រកួតប្រជែងដើម្បីក្លាយជាប្រធានថ្មីនៃគណបក្សប្រជាធិបតេយ្យសេរី LDP របស់ជប៉ុន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Shigeru Ishiba បានប្រកាសកាលពីថ្ងៃអាទិត្យថា លោកនឹងចុះពីតំណែងជាមេដឹកនាំបក្ស និងតំណែងមេដឹកនាំរបស់ប្រទេស។

សូមបញ្ជាក់ថា ដោយសារតែក្រុមចម្រុះដឹកនាំដោយបក្ស LDP ដែលកំពុងកាន់អំណាចរបស់ជប៉ុន បានបាត់បង់សំឡេងភាគច្រើនក្នុងសភាទាំងពីរ ដូចនេះប្រធានបក្ស LDP មិនត្រូវបានធានាថានឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីទៀតនោះទេ ហើយក៏មានលទ្ធភាពតិចតួចដែរ ដែលប្រធានបក្សប្រឆាំងអាចជាដណ្ដើមបានតំណែងកំពូលមួយនេះ។

ភាគហ៊ុនជប៉ុន កើនឡើង ប្រាក់យ៉េនធ្លាក់ចុះ ហើយបណ្ណបំណុលបានឈរយ៉ាងរឹងមាំ នៅក្នុងថ្ងៃចន្ទនេះ បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Ishiba បានធ្វើឱ្យមានការរំពឹងទុកថា អ្នកស្នងតំណែងរបស់លោកនឹងបង្កើនការចំណាយរបស់រដ្ឋាភិបាល។
កាលបរិច្ឆេទ និងទម្រង់នៃការប្រណាំងប្រជែងថ្នាក់ដឹកនាំថ្មីមិនទាន់ត្រូវបានសម្រេចនៅឡើយទេ។ សារព័ត៌មាន Kyodo បានរាយការណ៍ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ ក្រៅពីលោក Motegi ក៏មានបេក្ខភាពលេចធ្លោផ្សេងទៀតចូលរួមក្នុងការប្រកួតប្រជែងតំណែងនេះ ហើយលោក Yoshimasa Hayashi ប្រធានលេខាធិការគណរដ្ឋមន្រ្តីជប៉ុន ក៏មានបំណងឈរឈ្មោះក្នុងការបោះឆ្នោតផងដែរ៕
