លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអាទិត្យ (ទី៧ ខែកញ្ញា) បានព្រមានក្រុមហ៊ុនបរទេសឲ្យគោរពច្បាប់សហរដ្ឋអាមេរិក បន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ បានចាប់ខ្លួនមនុស្សប្រមាណជា ៤៧៥នាក់ ក្នុងនោះមានរួមទាំងកម្មករកូរ៉េខាងត្បូងនៅរោងចក្រផលិតអាគុយ Hyundai-LG ដែលកំពុងសាងសង់ នៅរដ្ឋ Georgia (ចចជៀ) ភាគខាងត្បូងផងដែរ។
ការចាប់ខ្លួននេះត្រូវបានធ្វើឡើង តាមរយៈការវាយឆ្មក់មួយដោយអាជ្ញាធរអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងមក ក្នុងអំឡុងពេលមានប្រតិបត្តិការលើទីតាំងដ៏ធំបំផុតតែមួយគត់ដែលត្រូវបានអនុវត្តរហូតមកដល់ពេលនេះ ក្រោមវិធានការប្រឆាំងជនអន្តោប្រវេសន៍ទូទាំងប្រទេសរបស់លោក Trump។
លោកប្រធានាធិបតីបានបង្ហោះនៅលើបណ្ដាញសង្គម កាលពីថ្ងៃអាទិត្យថា៖ «សូមគោរពច្បាប់អន្តោប្រវេសន៍របស់ប្រទេសយើង។ យើងស្វាគមន៍ការវិនិយោគរបស់អ្នក ហើយយើងលើកទឹកចិត្តឲ្យអ្នកនាំយកដោយស្របច្បាប់នូវអ្នកជំនាញផ្នែកការងារ តែយើងក៏ស្នើសុំឲ្យអ្នកជួល និងបណ្តុះបណ្តាលកម្មករអាមេរិកផងដែរ»។
វីដេអូនៃការវាយឆ្មក់បង្ហាញឲ្យឃើញកម្មករត្រូវបានចាប់ឃុំខ្លួនមានជាប់ខ្នោះដៃ និងមានច្រវាក់ ជុំវិញកជើងរបស់ពួកគេ ដែលកំពុងត្រូវបាននាំឡើងលើរថយន្តក្រុង។ លោក Steven Schrank ភ្នាក់ងារពិសេសទទួលបន្ទុកផ្នែកស៊ើបអង្កេតសន្តិសុខមាតុភូមិ នៅរដ្ឋ Georgia បានប្រាប់អ្នកសារព័ត៌មានថា ការវាយឆ្មក់បានកំណត់គោលដៅលើ «ការអនុវត្តការងារខុសច្បាប់ដែលកំពុងកើតមាន នៅទីតាំងសំណង់ដ៏ធំលើផ្ទៃដី ១០០ហិកតា»។
ក្រុមហ៊ុន LG Energy Solution បានឲ្យដឹងថា បុគ្គលិករបស់ខ្លួនចំនួន ៤៧នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមានជនជាតិកូរ៉េខាងត្បូង ៤៦នាក់ និងជនជាតិឥណ្ឌូនេស៊ីម្នាក់។ ក្រុមហ៊ុននេះក៏បានប្រាប់ផងដែរថា ប្រហែល ២៥០នាក់នៃអ្នកដែលត្រូវបានចាប់ខ្លួន ត្រូវបានជឿថា ត្រូវបានជួលដោយអ្នកម៉ៅការរបស់ក្រុម ហើយភាគច្រើននៃពួកគេ គឺជាជនជាតិកូរ៉េខាងត្បូង៕