ក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នារយៈពេល ៤ថ្ងៃ រវាងឥណ្ឌា និងប៉ាគីស្ថាន កាលពីខែឧសភា ផ្ទៃមេឃត្រូវបានភ្លឺព្រោងព្រាតពីការផ្ទុះអាវុធយុទ្ធភណ្ឌ ខណៈដែលយានដ្រូនត្រូវបានបាញ់ដោយមីស៊ីល ជាការបង្ហាញនូវអ្វីដែលទីក្រុងញូវដេលី ជឿថា ជា «ចក្ខុវិស័យថ្មី» នៃសង្គ្រាម។
ឥឡូវនេះ ឥណ្ឌាសង្ឃឹមថា ការបង្ហាញសមត្ថភាពប្រយុទ្ធរបស់ខ្លួន ក្នុងនោះរួមមានទាំងប្រព័ន្ធការពារមីស៊ីល ជា «ខែលការពារ និងបំផ្លាញ» ដែលត្រូវបានអភិវឌ្ឍក្នុងស្រុក នឹងជំរុញឲ្យមានតម្រូវការជាអន្តរជាតិ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ ឥណ្ឌា លោក Rajnath Singh បាននិយាយកាលពីខែសីហាថា៖ «ប្រតិបត្តិការនេះ គឺជាសញ្ញាទំនើបថ្មីនៃការធ្វើសង្គ្រាម ការមើលឃើញពីចក្ខុវិស័យថ្មី វឌ្ឍនភាពនៃបច្ចេកវិទ្យា និងការពឹងផ្អែកលើខ្លួនឯង»។

គួរបញ្ជាក់ថា ក្នុងនាមជាប្រទេសនាំចូលអាវុធដ៏ធំបំផុតជាយូរមកហើយមួយរបស់ពិភពលោក ពេលនេះឥណ្ឌាបានកំណត់ថា នឹងកែប្រែខ្លួនឯងឡើងវិញឲ្យក្លាយជាប្រទេសផលិត និងនាំចេញអាវុធដ៏ធំមួយ។
ការនាំចេញផ្នែកការពារជាតិ បានឈានឡើងដល់កម្រិតខ្ពស់បំផុត ២,៨ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ ដោយឡើងចំណាត់ថ្នាក់ទី២៥ ដែលនៅតែតូច បើធៀបនឹប្រទេសធំៗផ្សេងទៀត ប៉ុន្តែកើនឡើង ១២៣ភាគរយ ពីឆ្នាំមុន និងខ្ពស់ជាង ៣៤ដង បើធៀបនឹងកាលពីមួយទសវត្សរ៍មុន។ ផលិតកម្មក្នុងវិស័យការពារជាតិ ក្នុងស្រុក ក៏បានកើនឡើងដល់ ១៨ពាន់លានដុល្លារផងដែរ ដែលកើនឡើងជិតទ្វេដង ក្នុងរយៈពេល៥ឆ្នាំ៕
