សេវាកម្មរថយន្តគិលានសង្រ្គោះ និយាយនៅថ្ងៃចន្ទនេះថា មនុស្ស ៤នាក់ ត្រូវបានសម្លាប់ក្នុងឧបទ្ទេវហេតុបាញ់ប្រហារនៅតំបន់ជាយក្រុងហ្សេរុយសាឡឹម ប្រទេសអ៊ីស្រាអែល ខណៈនគរបាលនិយាយថា ជនល្មើសត្រូវបានសម្លាប់ ។
គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនោះទេថាតើនរណាដែលជាអ្នកបើកការវាយប្រហារនេះ ឬមូលហេតុអ្វីនៅពីក្រោយការបាញ់ប្រហារនេះ ។

នគរបាលអ៊ីស្រាអែល ចាត់ទុកខ្មាន់កាំភ្លើងថាជាភេរវជន ដោយពួកគេពុំបាននិយាយថាតើមានមនុស្សប៉ុន្មាននាក់ ជាប់ពាក់ព័ន្ធនឹងឧបទ្ទេវហេតុបាញ់ប្រហារខាងលើនោះទេ ។
សេវាកម្មរថយន្តគិលានសង្រ្គោះ និយាយនៅមុននេះថា មនុស្ស ១៥នាក់ បានរងរបួស ហើយមនុស្សយ៉ាងហោច ៥នាក់ ស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ ដោយសារត្រូវគ្រាប់កាំភ្លើង ។
គ្រូពេទ្យដែលបានធ្វើដំណើរមកដល់កន្លែងកើតហេតុ បានប្រទះឃើញជនរងគ្រោះដេកដួលនៅលើដី និងចិញ្ចើមផ្លូវ នៅជិតចំណតរថយន្តក្រុង ដោយពួកគេមួយចំនួនសន្លប់មិនដឹងខ្លួន ៕

