បណ្ដាមេដឹកនាំកោះប៉ាស៊ីហ្វិក បានចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេល ១សប្តាហ៍ នាថ្ងៃចន្ទ (ទី៨ ខែកញ្ញា) នេះ នៅលើប្រទេសប្រជុំកោះសូឡូម៉ុន (Solomon) ជាកន្លែងដែលមេដឹកនាំទាំងនោះត្រូវបានគេរំពឹងថា នឹងគាំទ្រសេចក្តីប្រកាស «មហាសមុទ្រនៃសន្តិភាព» ចំពេលមានការព្រួយបារម្ភ អំពីការកើនឡើងនូវភាពតានតឹង រវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
ជាមួយគ្នានេះ មេដឹកនាំទាំងអស់ក៏ត្រូវបានគេរំពឹងថា នឹងគាំទ្រការប៉ុនប៉ងរបស់ប្រទេសអូស្ត្រាលី ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP31 បន្ទាប់ពីទីក្រុងកង់បេរ៉ា បានសន្យាថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជិតខាងកោះរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹង អំពីបញ្ហាប្រឈមដែលពួកគេជួបប្រទះ ដោយសារការកើនឡើងនូវកម្រិតនីវ៉ូទឹកសមុទ្រ និងព្យុះដែលកាន់តែអាក្រក់ទៅៗ។

លើសពីនោះទៀត សម្ពាធពីប្រទេសចិន ក្នុងការរារាំងមិនឲ្យមានការចូលរួមរបស់កោះតៃវ៉ាន់ នៅក្នុងវេទិកានេះ ដែលធ្វើឡើងនៅទីក្រុង Honiara បាននាំឲ្យប្រទេសប្រជុំកោះ Solomon លុបវត្តមានដៃគូម្ចាស់ជំនួយជាង ២០ប្រទេស ក្នុងនោះរួមមានទាំងប្រទេសចិន កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកផងដែរ។
អូស្ត្រាលី ដែលជាសមាជិកវេទិកាដ៏ធំបំផុត គឺជាម្ចាស់ជំនួយដ៏ធំបំផុតរបស់តំបន់ ហើយបានបង្កើនកិច្ចប្រឹងប្រែង ដើម្បីរារាំងប្រទេសចិនកុំឲ្យពង្រីកវត្តមានសន្តិសុខរបស់ខ្លួន នៅក្នុងតំបន់ បន្ទាប់ពីទីក្រុងប៉េកាំង និងប្រទេសកោះ Solomon បានធ្វើកិច្ចព្រមព្រៀងនៅឆ្នាំ២០២២។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese ត្រូវបានគេរំពឹងថា នឹងទៅដល់ទីក្រុង Honiara នៅថ្ងៃពុធ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅកោះវ៉ានូអាទូ ជាកន្លែងដែលលោកត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយតម្លៃ ៥០០លានដុល្លារអូស្ត្រាលី (៣២៦លានដុល្លារអាមេរិក) ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ៕
