អាជ្ញាធរ និងសាក្សីបានឲ្យដឹងថា នគរបាលនេប៉ាល់បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីបំបែកហ្វូងមនុស្សវ័យក្មេងដែលព្យាយាមសម្រុកចូលរដ្ឋសភា ក្នុងអំឡុងពេលមានការតវ៉ាមួយ នៅថ្ងៃចន្ទ (ទី៨ ខែកញ្ញា) ប្រឆាំងនឹងការបិទបណ្ដាញសង្គម និងចោទប្រកាន់ពីការប្រព្រឹត្តិអំពើពុករលួយរបស់រដ្ឋាភិបាល។
គួរបញ្ជាក់ថា ប្រទេសនេប៉ាល់បានបិទការចូលប្រើបណ្ដាញសង្គមមួយចំនួន ក្នុងនោះរួមមានទាំង Facebook ផងដែរ កាលពីសប្តាហ៍មុន បន្ទាប់ពីបណ្ដាញសង្គមទាំងនោះមិនអាចចុះឈ្មោះជាមួយអាជ្ញាធរ នៅក្នុងការបង្ក្រាបលើការប្រើប្រាស់ដោយមិនត្រឹមត្រូវ។

រដ្ឋាភិបាលបានបញ្ជាក់ថា អ្នកប្រើប្រាស់បណ្ដាញសង្គមដែលមានអត្តសញ្ញាណក្លែងក្លាយ បាននិងកំពុងផ្សព្វផ្សាយពាក្យសំដីស្អប់ខ្ពើម និងព័ត៌មានក្លែងក្លាយ ព្រមទាំងប្រព្រឹត្តិការក្លែងបន្លំ និងឧក្រិដ្ឋកម្មផ្សេងៗតាមរយៈវេទិកាមួយចំនួន។
អាជ្ញាធរបានដាក់ចេញនូវបម្រាមគោចរ ជុំវិញអគាររដ្ឋសភា បន្ទាប់ពីបាតុកររាប់ពាន់នាក់ បានព្យាយាមចូលទៅក្នុងសភា ដោយទម្លុះរបងការពាររបស់នគរបាល។
លោក Muktiram Rijal អ្នកនាំពាក្យការិយាល័យតំបន់ Kathmandu បានប្រាប់សារព័ត៌មានរ៉យទ័រថា៖ «យើងបានដាក់បម្រាមគោចរដែលនឹងនៅតែធរមានរហូតដល់ម៉ោង ១០យប់ ម៉ោងក្នុងស្រុក ដើម្បីធ្វើឲ្យស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង បន្ទាប់ពីបាតុករចាប់ផ្តើមមានអំពើហិង្សា»។ លោក Rijal បានបន្ថែមថា នគរបាលទទួលបានបញ្ជាឲ្យប្រើប្រាស់កាណុងបាញ់ទឹក ដំបង និងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីគ្រប់គ្រងហ្វូងមនុស្ស។
នៅព្រឹកថ្ងៃចន្ទនេះ យុវជនរាប់ពាន់នាក់ រួមទាំងសិស្ស និស្សិត ជាច្រើននាក់ ក្នុងឯកសណ្ឋានសាលា ឬមហាវិទ្យាល័យរបស់ពួកគេ ហើយកាន់ទង់ជាតិ និងបដាតវ៉ា ត្រូវបានបញ្ឈប់ដោយនគរបាល ដែលបានដំឡើងរបងការពារលួសបន្លា កុំឲ្យដើរឆ្ពោះទៅកាន់អគាររដ្ឋសភា ជាកន្លែងដែលបាតុកម្មមិនត្រូវបានអនុញ្ញាត៕
