ប្រមុខអង្គការឃ្លាំមើលអាវុធនុយក្លេអ៊ែរ លោក Rafael Grossi បាននិយាយនៅថ្ងៃចន្ទ (ទី៨ ខែកញ្ញា) នេះថា ពេលវេលាកំពុងអស់ទៅៗហើយ សម្រាប់កិច្ចពិភាក្សា រវាងក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ និងប្រទេសអ៊ីរ៉ង់ អំពីរបៀបចាប់ផ្ដើមឡើងវិញទាំងស្រុងនូវការត្រួតពិនិត្យ នៅក្នុងសាធារណរដ្ឋឥស្លាម ដោយបានបន្ថែមថា លោកសង្ឃឹមថា ការពិភាក្សានឹងបញ្ចប់ក្នុងរង្វង់ប៉ុន្មានថ្ងៃខាងមុខ។
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) មិនមានសិទ្ធិចូលទៅកាន់ទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ទេ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើទីតាំងទាំងនោះ កាលពីខែមិថុនា។ អ៊ីរ៉ង់បានអនុម័តច្បាប់មួយ បន្ទាប់ពីមានការវាយប្រហារ ដែលបានផ្អាកកិច្ចសហប្រតិបត្តិការជាមួយ IAEA ហើយបានប្រាប់ថា ការត្រួតពិនិត្យណាមួយត្រូវតែត្រូវមានការអនុម័តដោយក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់ខ្លួន។
IAEA និងអ៊ីរ៉ង់ ឥឡូវនេះ កំពុងពិភាក្សាគ្នា ជុំវិញ «ភាពលម្អិត» នៃការចាប់ផ្ដើមត្រួតពិនិត្យពេញលេញឡើងវិញ ទោះបីជាលោក Grossi លើកឡើងថា វាមិនមានការផ្លាស់ប្តូរកាតព្វកិច្ចរបស់អ៊ីរ៉ង់ ក្នុងការអនុញ្ញាតឲ្យមានវិធានការផ្ទៀងផ្ទាត់ ដូចជាអធិការកិច្ចជាដើម ក្នុងនាមជាភាគីនៃសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរក៏ដោយ។
ក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់កិច្ចប្រជុំប្រចាំត្រីមាសនៃក្រុមប្រឹក្សាភិបាលនៃប្រទេសមាជិកទាំង ៣៥ របស់ IAEA លោក Grossi បានបញ្ជាក់ថា៖ «នៅតែមានពេលវេលា ប៉ុន្តែមិនច្រើននោះទេ។ យ៉ាងណាក្ដី ពេលវេលានេះ តែងតែគ្រប់គ្រាន់នៅពេលដែលមានការជឿជាក់យ៉ាងល្អ និងការទទួលខុសត្រូវច្បាស់លាស់»៕