មនុស្សរាប់ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួន ពេលដែលព្យុះទីហ្វុង Tapah បោកបក់ដល់ដីគោក នៅតំបន់ភាគខាងត្បូងប្រទេសចិន បណ្តាលឲ្យមានការបង្អាក់ដល់ជើងហោះហើរ និងបិទសាលារៀន ។
ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍ថា ព្យុះបានបោកបក់ដល់ដីគោកនៅព្រឹកថ្ងៃចន្ទនេះ នៅទីក្រុង Taishan ស្ថិតក្នុងខេត្ត Guangdong ដោយនាំមកជាមួយខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ។
មន្ទីរឧតុនិយមខេត្ត Guangdong បានបង្កើនកម្រិតប្រកាសអាសន្នពណ៌លឿង ដែលជាកម្រិតខ្ពស់បំផុតទី ៣នៃប្រព័ន្ធព្រមាន ៤កម្រិត ហើយនិងបានព្យាករពីផ្គររន្ទះ និងកម្លាំងខ្យល់បក់ខ្លាំង ។
ក្រុមអាជ្ញាធរ និយាយថា មនុស្សប្រហែល ៦ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួននៅទូទាំងតំបន់ភាគខាងត្បូងប្រទេសចិន មុនពេលព្យុះបោកបក់ដល់តំបន់ឆ្នេរជាមួយកម្លាំងខ្យល់បក់ ១០៨គ.មក្នុង ១ម៉ោង ។
ក្រសួងគ្រប់គ្រងគ្រាអាសន្នខេត្ត Guangdong បានបញ្ជាឲ្យផ្អាកសកម្មភាពខាងក្រៅទាំងអស់ និងបិទតំបន់កម្សាន្ត ដូចជាសួនកម្សាន្ត និងតំបន់ឆ្នេរ ហើយសាលារៀន ត្រូវបានបិទទ្វារផងដែរ ។
សូមបញ្ជាក់ថា ខេត្ត Guangdong រងការវាយប្រហារដោយព្យុះទីហ្វុងចំនួន ១៦លើក ក្នុងឆ្នាំនេះ ។ គេរំពឹងទុកថា ព្យុះ Tapah នឹងធ្វើដំណើរទៅទិសពាយ័ព្យ មុនពេលវាបាត់បង់កម្លាំងបន្តិចម្តងៗ រហូតដល់វាចាកចេញផុតពីខេត្ត ៕